ខេត្តសៀមរាប៖អតីតគណបក្សសង្គ្រោះជាតិ (CNRP) ក្នុងខេត្តសៀមរាប ចំនួន១៨រូប បានស្ម័គ្រចិត្តចូលរួមរស់ និងធ្វើសកម្មភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា។
ការចុះចូលនេះនៅថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ក្រោមវត្តមានលោកទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។
អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិក្នុងខេត្តសៀមរាប ដែលបានចុះចូលនេះរួមមាន៖
លោក សៅ យ៉ូអេង អតីតក្រុមប្រឹក្សាខេត្ត ប្រធានហិរញ្ញឹកខេត្តសៀមរាប និងជាប្រធានក្រុមការងារស្រុកពួក,
លោក រស់ សំណាង អតីតក្រុមប្រឹក្សាសង្កាត់គោកចក,
លោក ទេព ចិន អតីតក្រុមប្រឹក្សាសង្កាត់គោកចក,
លោកស្រី ចាន់ សុម៉ាលី អតីតចៅសង្កាត់ទី១ សង្កាត់គោកចក ក្រៅពីនោះជាអតីតសមាជិក សមាជិកា ដែលសុទ្ធសឹងជាសកម្មជនដ៏សកម្មរបស់អតីតគណបក្សសង្គ្រោះជាតិក្នុងខេត្តសៀមរាបផងដែរ។
លោក សៅ យូអេង តំណាងឱ្យសមាជិក សមាជិកាដទៃទៀត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យលោក និងអតីតសមាជិកក្រុមប្រឹក្សាឃុំ សកម្មជន យុវជនខេត្តសៀមរាប បានចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សៅ យូអេង បានគូសរំលេចថា មានហេតុផលពីរដែលនាំឱ្យរូបលោក និងសមាជិក សមាជិកា ដទៃទៀតស្ម័គ្ររួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ហេតុផលទាំងពីរនោះ ទី១ គឺការមើលឃើញនូវស្នាដៃដឹកនាំ ឆន្ទៈមនសិការ និងសមិទ្ធផលជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាបានកសាងសម្រាប់ជាតិមាតុភូមិ, ហេតុផលទី២ គឺការឆ្អែតឆ្អន់ នឿយណាយចំពោះភាពពិសពុល ល្បិចកិច្ចកល និងមនោគមន៍នយោបាយដ៏គ្រោះថ្នាក់របស់ អតីត គណបក្សសង្គ្រោះជាតិ។
អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិរូបនេះ បានគូសបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា គឺកើតចេញពីទឹកចិត្តរបស់ពួកខ្ញុំ។ ពួកខ្ញុំបានភ្ញាក់រលឹក និងបានមើលឃើញយ៉ាងច្បាស់ពីគុណសម្បត្តិ ស្នាដៃ និងកិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងការសង្គ្រោះជាតិ សង្គ្រោះប្រជាជនឱ្យរួចផុតពីភាពវេទនានៃភ្លើងសង្គ្រាម ហើយបានប្រឹងប្រែង កសាងសង្គមកម្ពុជា ឱ្យរីកចម្រើន ប្រជាជនមានជីវភាព កាន់តែប្រសើរ ការរស់នៅកាន់តែសុខសុភមង្គល»។
លោក សៅ យូអេង និងក្រុមការងាររបស់លោក បានសន្យាថា នឹងខិតខំបំពេញការងារដោយស្មោះត្រង់ និងកៀរគរ អូសទាញ អតីតសមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិ វិលត្រលប់មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក សៅ យូអេង និងសមាជិក សមាជិកថ្មី បានប្រកាសគាំទ្រ លោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគតផងដែរ។ ពួកគេជឿជាក់ថា ក្រោមការដឹកនាំរបស់លោកហ៊ុន ម៉ាណែត នឹងបន្តរក្សាស្នាដៃ និងសមិទ្ធផលទាំងឡាយ របស់ សម្តេចតេជោ ហើយនាំមកនូវសមិទ្ធផល ជាច្រើនទៀត សម្រាប់ជាតិកម្ពុជា ជាពិសេសរក្សាបាន នូវសុខសន្តិភាព ដែលជាលក្ខខណ្ឌដ៏ចាំបាច់ សម្រាប់ការរស់នៅរបស់ប្រជាជន និងភាពចម្រើនរបស់ជាតិ៕SRP

