ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នៅព្រឹកនេះបាន អំពាវនាវឲ្យបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ ខណ:ការឆ្លងកើនឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះថ្ងៃ។
ការអំពាវនាវ នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ នេះក្នុងពេលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងសាររបស់សម្តេចតេជោបានបញ្ជាក់ថា ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីៗ អូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ សូមយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់ ក្នុងនោះត្រូវមានការកាត់បន្ថយការជួបជុំ ឬការប្រមូលផ្តុំ ដែលមានមនុស្សច្រើន និងត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារ» ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា។
សូមជម្រាបថានៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។
សម្ដេចតេជោបានបញ្ជាក់ទៀតថា ក្នុងអំឡុងពេល ស្នាក់នៅទីក្រុងសេអ៊ូល (Seoul) ខ្ញុំនឹងជួបជាមួយ ឯកឧត្តម មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ល។ ទន្ទឹមនឹងនោះដែរ ខ្ញុំនឹងមានជំនួបជាមួយឯកឧត្តម បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ៕SRP

