សម្តេចស ខេង៖ ភូមិសាស្ត្រក្រុងបូកគោ បច្ចុប្បន្ន​មានធំទូលាយ ប៉ុន្តែថ្ងៃអនាគត អាច​នឹ​ង​មាន​ប្រជាជន​ ម​ក​រស់​នៅ​កាន់​តែ​ច្រើន​

ខេត្តកំពត៖សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថាភូមិ​សាស្ត្រ​ក្រុង​បូក​គោ​ បច្ចុប្បន្ន​ មានធំទូលាយ ប៉ុន្តែនៅថ្ងៃអនាគត ក្រុង​ថ្មី​នេះ​អាច​ នឹ​ង​មាន​ប្រជាជន​ម​ក​រស់​នៅ​កាន់​តែ​ច្រើន​ ពិសេស​នៅ​លើ​ភ្នំ​បូក​គោ​ដែលកំ​ពុង​មាន​ការ​អភិវឌ្ឍ។

សម្តេចស ខេង មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋ​សាលាក្រុងបូកគោ ខេត្តកំពត នៅថ្ងៃទី៧ ខែកុម្ភៈ ម្សិលមិញ។

សម្ដេច ស ខេង បានថ្លែងថា ដើម្បីបង្កើនភាពងាយស្រួល និង​ឆាប់​រហ័ស​ ក្នុង​ការ​បម្រើ​សេ​វា​ផ្សេងៗ​ ជូន​ប្រជាពលរដ្ឋ រដ្ឋ​បាន​សម្រេច​រៀប​​ចំ​ ទី​តាំង​អគារ​រដ្ឋ​បាល​ ក្រុង​បូក​គោ​ ជា​២​កន្លែង​ គឺនៅសាលាក្រុងចាស់​ ក្បែរ​ច្រក​ចូល​ឧទ្យាន​ជាតិ​ព្រះ​មុ​នី​វ​ង្ស​បូក​គោ​ និងនៅក្បែរកាស៊ីណូចាស់លើភ្នំបូកគោ ។

សម្តេច ស ខេង ក៏បានណែនាំអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិភាក្សាគ្នា ថាតើការិយាល័យជំនាញណាខ្លះ ត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះ ត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងលើ ឬក៏ចាំបាច់ត្រូវមានទាំងពីរទីតាំង។

សម្តេច ស ខេង មានប្រសាសន៍ទៀតថាក្រុមការងារ ពាក់ព័ន្ធ នឹងពន្លឿការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ផ្នែកខាងក្រោម ដើម្បីរៀបចំកសាងកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗផងដែរ៕SRP