ខេត្តសៀមរាប៖សម្តេចទៀ បាញ់ បានអះអាងថាបញ្ហាព្រៃលិចទឹក ដែលក្រុមជនខិលខូច បានយកប្រជាកសិករធ្វើរបាំង ដើមី្បផលប្រយោជន៍របស់ខ្លួននោះ គ្រប់អាជ្ញាធរសមត្ថកិច្ចទាំងអស់ ត្រូវពិនិត្យចំពោះជន ដែលបានបំពានការកាប់ទន្ទ្រានព្រៃលិចទឹក បើមានស្ថានភាពធ្ងន់ធ្ងរនោះ យើងក៏មិនអាចអនុគ្រោះឲ្យបានឡើយ គឺត្រូវអនុវត្ត ទៅតាមផ្លូវច្បាប់។
សម្តេច ទៀ បាញ់ ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុកទាំងអស់ សំខាន់ជាប់បឹងទន្លេសាប រួមសហការសាមគ្គីគ្នា ដើមី្បធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ ប្រជាពលរដ្ឋ និងសូមឲ្យអាជ្ញាធរបឹងទន្លេសាប ធ្វើការផ្សព្វផ្សាយអំពីច្បាប់គ្រប់តំបន់ព្រៃលិចទឹក ឲ្យបានស៊ីជម្រៅដល់ប្រជាកសិករ ដែលអាស្រ័យផល.នៅក្នុងតំបន់៣ ក្នុងការសំដៅរក្សាការពារ បឹងទន្លេសាប កុំឲ្យវិនាសបាត់បង់នូវព្រៃ លិចទឹក ដែលជាដែនជម្រកត្រីពងកូននៅរដូវវស្សា និងសត្វស្លាបរស់នៅ។
សម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អះអាងយ៉ាងដូច្នេះ នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី ៧ ខែ កុម្ភៈ ម្សិលមិញ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១ និងងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប។
សម្តេចទៀ បាញ់ ក៏បានថ្លែងជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹង ការផ្តល់សេវាសាធារណៈលើវិស័យមួយចំនួន ដែលជាកង្វះខាត ដោយគ្រប់គ្នាត្រូវធ្វើការកែលម្អ និង ធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈ ក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ខេត្តចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយ អភិវឌ្ឍន៍ លើគ្រប់វិស័យ ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅក្នុងឆ្នាំ២០២២។
បើតាមលោកទៀ សីហា អភិបាលខេត្តបញ្ជាក់ថាកន្លងមកនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំអភិវឌ្ឍន៍ សមិទ្ធផលនានា ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។ ជាពិសេសលើការងារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ដោះស្រាយ ពីទុក្ខលំបាកជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ក្នុងបរិបទកូវីដ១៩ ព្រមទាំងការងារទប់ស្កាត់ បង្រ្កាបបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹក តំបន់បឹងទន្លេសាប (តំបន់៣) នៅខេត្តសៀមរាប មានលើសពី២ពាន់ហិកតា ហើយនឹងឈានទៅធ្វើការបោះបង្គោល កំណត់តំបន់១,តំបន់២ និងតំបន់៣ ឲ្យបានច្បាស់លាស់ នារដូវប្រាំងនេះផងដែរ៕SRP