សម្ដេចទៀ បាញ់៖ ខេត្តសៀមរាប មានមោទនភាព ដែលសិស្សជាប់និទ្ទេស Aជាច្រើន

ខេត្តសៀមរាប៖សម្ដេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថាខេត្តសៀមរាបបានមោទនភាព ដែលមាន សិស្សជាប់និទ្ទេស A ជាច្រើនយ៉ាងដូច្នេះ។

សម្ដេចមានប្រសាសន៍ថា ការជាប់និទ្ទេស A ជាច្រើននាក់នេះ ជាមោទនភាពមួយដែលខេត្តសៀមរាប មានការរីកចម្រើនលើវិស័យអប់រំជារៀងរាល់ឆ្នាំ។ ភាពរីកចំរើននៃចំណេះដឹងនេះ ដោយសារប្រទេសជាតិយើងមានសន្ដិភាព។
សម្ដេច ទៀ បាញ់ ក៏បានណែនាំឲ្យសិស្សានុសិស្ស យកចិត្តសិក្សារៀនសូត្រ ឱ្យបានជាប់ជាប្រចាំ ក្នុងនាមយុវជនជាទំពាំងស្នងឫស្សី ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងដើម្បីចូលក្នុងសង្គមជាតិ។

សម្ដេចទៀ បាញ់ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញផ្ដល់រង្វាន់ម៉ូតូចំនួន ១៥៣ គ្រឿង និងប័ណ្ណសរសើរ ដល់សិស្សានុ សិស្ស ក្នុងខេត្តសៀមរាប ដែលទើបបានប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន១៥៣នាក់ សម្រាប់ឆ្នាំសិក្សា ២០២០- ២០២១ ដោយក្នុងម្នាក់ៗទទួលបានម៉ូតូ១គ្រឿង និងបណ្ណ័សរសើរ នៅព្រឹកមិញនេះ។

សម្ដេចទៀ បាញ់ ក៏ប្រកាសបន្តចែកជូនរង្វាន់ម៉ូតូដល់សិស្សានុ សិស្ស ប្រឡងបាក់ឌុបដែលទទួលបាននិទ្ទេសA នៅឆ្នាំក្រោយបន្តទៀត។

សម្ដេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ចូលរួមបន្ដលើកកម្ពស់វិស័យ អប់រំ ឲ្យកាន់តែខ្ពស់ និងចូលរួមលើកកំពស់សុខភាព ផងដែរ៕SRP