សម្តេចតេជោ នឹងប្រែក្លាយខេត្តភាគឦសាន ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ច ទី៤របស់កម្ពុជា

ខេត្តក្រចេះ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមកកាន់ភាគឦសាននេះ គឺមិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើន មានដូចជាក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម។ សម្តេចតេជោ នឹងប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដែលផ្តោតសំខាន់ពាក់ព័ន្ធនឹងកសិឧស្សាហកម្ម និងធនធានរ៉ែ។

សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការគូសវាសរបស់សម្តេចផ្ទាល់ ក្រោយពេលដែលកម្ពុជាយើងបានបិទបញ្ចប់នូវភ្លើងសង្គ្រាមដ៏រាំរ៉ៃនៅចុងឆ្នាំ១៩៩៨។ សម្តេចតបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បណ្តាខេត្តនានានៅទូទាំងប្រទេសបានចងភ្ជាប់គ្នាដោយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាច្រើន នៅសល់តែការចងភ្ជាប់ពីភាគពាយ័ព្យ ទៅភាគនិរតីប៉ុណ្ណោះ។ សម្តេចបន្តថា ស្ថានភាពកម្ពុជាបច្ចុប្បន្ន មិនដូចពីពេលមុនទៀតនោះទេ ពីព្រោះពេលនេះ ផ្លូវជាច្រើនត្រូវបានកសាង មណ្ឌលសុខភាព និងសាលារៀនក៏ត្រូវបានពង្រាយជាច្រើនកន្លែងផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា នៅខែអំឡុងមីនា ខាងមុខនេះ មន្ទីរពេទ្យធំៗចំនួនពីរតម្លៃជិត ៨០លានដុល្លារ ដែលជាជំនួយរបស់ចិន នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ផងដែរ ក្នុងនោះមានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានបន្តស្នើមិត្តចិនជួយសាងសង់ផ្លូវតភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ៧ ពីតំបន់អូរគ្រៀង ទៅព្រំដែនកម្ពុជា-ឡាវ ជាបន្តទៀត ផងដែរ។ ទាក់ទងទៅនឹងការនាំចេញផលិតផលកម្ពុជាទៅទៅផ្សារចិន សម្តេចតេជោបានថ្លែងថា ចិន បានពិនិត្យរួចហើយលើនីតិវិធីភូតគាមអនាម័យលើត្រីប្រា និងផ្លែមៀនប៉ៃលិនរបស់កម្ពុជា ដែលត្រូវនាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិន ដែលជាការបើកទីផ្សារកាន់តែធំមួយនាពេលខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សរាល់ថ្ងៃ ។ ហើយទាក់ទងទៅនឹងបញ្ហានៃជំងឺ Covid-19 នោះ សម្តេចតេជោបានថ្លែងថា រយៈពេល៣០ថ្ងៃហើយ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ តែត្រូវបន្តយកចិត្តទុកដាក់លើការការពារ និងបន្តចាក់វ៉ាក់សាំងដូសជំរុញបន្តទៀត។

សម្តេចហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ៕SRP