ចាប់ខ្លួនបុរស៦នាក់ នៅខេត្តមណ្ឌលគិរី ករណីសម្លាប់ មនុស្ស៥នាក់​ និងរបួសធ្ងន់ម្នាក់

ខេត្តមណ្ឌលគិរី៖​សមត្ថកិច្ចបានបំបែកក្ដី ដោយបុរស៦នាក់ត្រូវបានចាប់ខ្លួនករណីឃាតកម្ម​ សម្លាប់មនុស្សចំនួន​៥នាក់​ និងរបួសធ្ងន់​ម្នាក់។

ការចាប់ខ្លួនធ្វើឡើងថ្ងៃទី០៥​ ខែកុម្ភៈ​ ឆ្នាំ២០២២​ វេលាម៉ោង១៨​ ដោយនគរបាលខេត្តមណ្ឌលគិរី​ សហការ ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នគរបាលបច្ចេកទេស​ និងវិទ្យាសាស្ត្រ​ តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​ របស់លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ​។

ករណីឃាតកម្ម​ សម្លាប់មនុស្សចំនួន​ ០៥នាក់​ និងរបួសធ្ងន់​ ម្ម្នាក់បានកើតឡើងកាលពីថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ២០២២​ វេលាម៉ោង​ ១១និង៣០​ នាទី​ នៅចំណុចស្រែចោទ​ ស្ថិតក្នុងភូមិ​មេប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​។

ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង៦ នាក់ ក្នុងនោះ​ ជនដៃដល់ចំនួន​ ៤​នាក់​ និងអ្នកបញ្ជាញុះញង់អោយសម្លាប់ចំនួន​ ០២​នាក់​ រួមមាន៖
១-ធី​ ម្ពៀត​ ហៅព្សឹត​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ ជនជាតិព្នង​ អ្នកផ្តេីមគំនិត​
២-រឹម​ ធា​ ភេទប្រុស​ អាយុ​២៧​ ឆ្នាំជនជាតិ​ ខ្មែរ​ (សហចារី)
៣-នឹម​ ខ្លាខឹន​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ជនជាតិខ្មែរ​ (សហចារី)
៤-ធី​ ព្យឹតភេទប្រុស​ អាយុ១៤​ ឆ្នាំ​ ជនជាតិព្នង​ (សហចារី)
៥-ក្លឹង​ ចន្ធី​ ភេទប្រុស​ អាយុ៤០​ ឆ្នាំ
ជនជាតិ​ ព្នង​ (បញ្ជាអោយសម្លាប់)
៦-នួន​ វណ្ណា​ ភេទប្រុស​ អាយុ៥៤​ ឆ្នាំ​ ជនជាតិខ្មែរ​ (បញ្ជាឲ្យសម្លាប់)។

ជនសង្ស័យទាំង​៦​នាក់​ ស្នាក់នៅភូមិឡៅកា សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​។ ជនសង្ស័យបានឆ្លេីយសារភាពថា​ មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង៥​នាក់​ និងរងរបួសម្នាក់ ដោយសាគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះជា​ អាបធ្មប់។ បច្ចុប្បន្នកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី​៕SRP