ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡ្រាហោម ស ខេង បានចំណារឯកភាព លើសំណើ របស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ឲ្យធ្វើការអង្កេតស្រាវជ្រាវ បណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ដែលបានប្ដឹងលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ពាក់ព័ន្ធអំពើចាប់ប.ង្ខាំង និងជំ.រិតទារប្រាក់។
អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្តេចស ខេង សំណើស្នើសុំគោលការណ៍ អង្កេតស្រាវជ្រាវបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ប្ដឹងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) និង បក្ខពួក ករណីចាប់ប.ង្ខាំងរូបនាងខ្ញុំ ខេង ពិទូពុធធីតា ដោយខុសច្បាប់ ជំរិ.តទារប្រាក់ និងផ្ដល់ព័ត៌មានបំភ្លៃដល់បក្ខពួករបស់ខ្លួន ដែលជាអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយបង្ខូចកេរ្ដិ៍ឈ្មោះ និងសុចរិតភាពរបស់ហាងម៉ូដ៏ស្ទ័រ និងម្ចាស់ហាង។
អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានជម្រាបជូនសម្តេចស ខេង ថា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ចុះថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានប្តឹងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) និងបក្ខពួក ថាបាន ចាប់ប.ង្ខាំងរូបនាង (ខេង ពិទូពុធធីតា) ដោយខុសច្បាប់ ជំរិ.តទារប្រាក់ និងផ្តល់ព័ត៌មានបំភ្លៃដល់បក្ខពួក របស់ខ្លួន ដែលជាអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយបង្ហូចកេរ្តិ៍ឈ្មោះ និងសុចរិតភាពរបស់ហាងម៉ូដស្ទ័រ និងម្ចាស់ហាង។
នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ហាងម៉ូដស្ទ័រ បានចុះបញ្ជីកានៅក្រសួងពាណិជ្ជកម្ម និង មានអាជ្ញាប័ណ្ណស្របច្បាប់ ពីស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយថែមទាំងបានលក់តែផលិតផលសុទ្ធ ១០០% អស់រយៈពេលជិតប្រាំឆ្នាំមកហើយ ដោយមានឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ជាម្ចាស់ហាងម៉ូដស្វ័រ។ ហើយកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៩និង០០នាទីព្រឹក មានសមត្ថកិច្ចចម្រុះមួយក្រុម ដឹកនាំដោយព្រះរាជអាជ្ញារង លោក ចែ សុង និងលោក តេង ប៊ុនថុន បានចុះមកហាងម៉ូដស្ទ័រ ធ្វើការឆែកឆេរទំនិញនៅក្នុងហាង ដោយអះអាងផ្ទាល់មាត់ថា មានបណ្ដឹងពាក់ព័ន្ធនឹងការលក់ទំនិញជាន់កម្មសិទ្ធិរបស់ក្រុមហ៊ុនអ្នកដទៃ ហើយបានចាប់ប.ង្ខាំងទុកឈ្មោះ ខេង ពិទូពុធធីតា ក្នុងបន្ទប់មួយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងតម្រូវឱ្យឈ្មោះ សឿម ណារិន ជួបចរចាជាមួយលោក តេង ប៊ុនថុន នៅក្នុងភោជនីយដ្ឋាន ឌឺដ្រាម និងផាប់ ដែលមានទីតាំងនៅមុខ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលោក តេង ប៊ុនថុន បានតម្រូវឱ្យផ្ដល់កញ្ចប់ថវិកាមួយចំនួន។ លោក តេង ប៊ុនថុន យកទៅចែកចាយឱ្យក្រុមការងារចុះឆែកឆេរ និងអាជ្ញាធរមូលដ្ឋាន ហើយគាត់បាន ទាមទារយកបន្ថែមទៀតនូវកាបូបប្រែនសុទ្ធ នាឡិកាដៃមួយគ្រឿង កាបូបដាក់ឯកសារមួយម៉ាកម៉ុងម្ល៉ង់ ជាថ្នូរនឹងការសន្យាកែប្រែកំណត់ហេតុរបស់សមត្ថកិច្ចនគរបោលឡើងវិញ និងព្រមដោះលែង ឈ្មោះ ខេង ពិទូពុធធីតា ឱ្យចេញពីបន្ទប់ឃុំខ្លួនទាំងយប់។
អគ្គាធិការដ្ឋានបានបន្តថា ក្រោយពីបានពិនិត្យខ្លឹមសារនៃពាក្យបណ្តឹងខាងលើឃើញថា ករណីនេះមានការចោទប្រកាន់ មកលើមន្ត្រីនគរបាល បម្រើការងារនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ក្រសួងមហាផ្ទៃ ដូច្នេះដើម្បីមានមូលដ្ឋានច្បាស់លាស់ ក្នុងការវាយតម្លៃ រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋាន សូមគោរព ស្នើសុំគោលការណ៍អនុញ្ញាតពី សម្តេចស ខេង ចាត់មន្ត្រីនគរបាលជំនាញធ្វើការអង្កេតស្រាវជ្រាវ។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។ ចំណែកលោកអ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ មិនអាចសុំការអត្ថាធិប្បាយបាននៅឡើតទេ៕SRP