ប្តឹងលោក សាន្ត រដ្ឋស៊ីង ថៅកែរណ្តៅដី ពីបទប៉ុនប៉ងមនុស្សឃាត ទារសំណង២ម៉ឺនដុល្លារ

ប្តឹងលោក សាន្ត រដ្ឋស៊ីង ថៅកែរណ្តៅដី ពីបទប៉ុនប៉ងមនុស្សឃាត ទារសំណង២ម៉ឺនដុល្លារ

ខេត្តសៀមរាប៖ប្រធានសហគមន៍នេសាទចុង ឃ្នៀស បានសម្រេចប្តឹងថៅកែ រណ្តៅដីពីបទហឹង្សាដោយចេតនានិងបទបទ ប៉ុនប៉ងមនុស្សឃាត ដោយទារសំណងជំងឺចិត្ត២ម៉ឺនដុល្លារ។

ការប្តឹងនេះគឺបន្ទាប់ ពីថៅកែរណ្តៅដីរូបនោះប្រើអំពើហិង្សាដោយវាយដំលើរូបគាត់បណ្តាលអោយរងរបួស កាលពីល្ងាចថ្ងៃទី២ខែកុម្ភ:ឆ្នាំ២០២២ នៅចំណុចកុង ត្រូលផ្លូវចូលបឹងពារាំង ក្នុងខណ:ឡានដឹកដីមិនបាញ់ទឹកបង្កការហុយខ្លាំង ហើយរូបគាត់សុំអាជ្ញាធរបិទផ្លូវបណ្តោះអាសន្ន(បិទកុងត្រូល)។

ប្រធានសហគមន៍នេសាទចុងឃ្នៀស ដែលជាដើមបណ្តឹង មានឈ្មោះហាប់ ដា ភេទប្រុស អាយុជាង៥០ ឆ្នាំ។ ចំណែកជនដៃដល់មានឈ្មោះ សាន្ត រដ្ឋស៊ីង ភេទប្រុស ជាថៅកែគ្រឿងចក្រជីករណ្តៅដីក្នុងបឹងពារាំង។

ជួបសម្ភាសន៍ផ្ទាល់នាព្រឹកថ្ងៃទី៤ខែកុម្ភ:ឆ្នាំ២០២២ នេះ លោកហាប់ ដា ប្រធានសហគមន៍នេសាទចុងឃ្នៀស បាននិយាយថា រូបលោកជាប្រធានសហគមន៍ ដែលទទួលស្គាល់ដោយអាជ្ញាធរក្រុង.ខេត្ត និងក្រសួងក្នុងការការពារព្រៃលិចទឹកក្នុងតំបន់។ ចំពោះការជីកដឹកជញ្ជូនដី ពីការជីកស្តារក្នុងបឹងពារាំងទៅកាន់បំបន់ផ្សេងមិនពាក់ពន្ធ័រូបលោកឡើយ។ ប៉ុន្តែក្នុងនាមសហគមន៍ អាជ្ញាធរបានផ្តល់សិទ្ធិអោយមើលខុសត្រូវផ្លូវ ក៏ដូចជាការប៉ះពាល់ដល់សុខមាលភាពការរស់នៅរបស់ប្រជាពលរដ្ឋ។ មុនកើតហេតុ៣ថ្ងៃក្រុមហ៊ុន សាន្ត រដ្ឋស៊ីង បានដឹកជញ្ជូនដីដោយមិនមានការបាញ់ទឹក លើផ្លូវបង្កការហុយខ្លាំង បើទោះបីខាងលោក តម្រូវអោយមានការបាញ់ទឹកជាមុនក៏មិនព្រម។ នៅថ្ងៃកើតហេតុ ការដឹកជញ្ជូនដីកាន់ តែបង្កការហុយខ្លាំងទើបខាងលោកសុំអោយមានការបាញ់ទឹក បើមិនដូច្នេះនឹងបញ្ឍប់សកម្មភាពដឹក។

លោកបន្តថា ដោយក្រុមហ៊ុនខាងលើនៅតែបំពានមិនព្រមបាញ់ទឹក តាមស្មារតីអង្គប្រជុំនៅសង្កាត់ជ្រាវ ស្តីពីការបាញ់ស្រោចទឹកជាប្រចាំលើដងផ្លូវ រូបលោកក៏សុំការអនុញាត្តពីអាជ្ញាធរ បិទកុងត្រូលដើម្បីដោះស្រាយ។ ប៉ុន្តែក្នុងពេលកំពុងរកដំណោះស្រាយ ឈ្មោះសាន្ត រដ្ឋស៊ីង​ ជាថៅកែគ្រឿងចក្រនិងរណ្តៅដី បើករថយន្តមកដល់ ក៏វាយមកលើរូបលោកចំនួន២ដៃ បណ្តាលអោយរងរបួស ហើយគំរាមចាក់សម្លាប់ដោយកាំបិតស្រួច និងគម្រាមបើកគ្រឿងចក្រកិនសម្លាប់ថែមទៀត។ ករណីនេះហើយទើបរូបលោកប្តឹងទៅសមត្ថកិច្ចនគរបាល ពីបទហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត ដោយទារសំណង២ម៉ឺនដុល្លារ។

ប្រធានសហគមន៍នេសាទរូបនេះ បានបញ្ជាក់ថា ករណីហិង្សានិងប៉ុនប៉ងមនុស្សឃាត នេះ រូបលោកសុំអោយស្ថាប័នច្បាប់អនុវត្តតាមនិតិវិធី ដោយមិនមានការសម្របសម្រួលឡើយ។

ចំណែកលោកលោក សិន ណារិទ្ធ ក៏បានបញ្ជាក់ផងដែថា ក្រុមគ្រឿងចក្រជីករណ្តៅដី របស់លោក មិនមានរឿងជម្លោះជាមួយក្រុមហ៊ុន សាន្ត រដ្ឋស៊ីង ក៏ដូច ជាសហគមន៍នេសាទចុងឃ្នៀសនោះទេ ហើយរណ្តៅដីរបស់លោកនៅចម្ងាយជាង២គីឡូម៉ែត្រ ពីទីតាំងកើតហេតុ។ ដូច្នេះ នេះជារឿងសហគមន៍ និងក្រុម ហ៊ុន សាន្ត រដ្ឋស៊ីង ប៉ុណ្ណោះ។

ជុំវិញបណ្តឹងចោទប្រកាន់ពីបទហិង្សាដោយចេតនានិងបទប៉ុនប៉ងមនុស្សឃាត ពីប្រធានសហគមន៍ចុងឃ្នៀសនេះ យើងមិនអាចស្វែងរកជួបលោកសាន្ត រដ្ឋស៊ីង ថៅកែក្រុមហ៊ុនជីកដី សាន្ត រដ្ឋស៊ីង ដោយផ្ទាល់ដើម្បីសុំការបំភ្លឺបានទេ។ ចំណែកលេខទូរសព្ទ័សម្រាប់ទំនាក់ទំនង ក៏មេការគ្រប់រណ្តៅដីមិនហ៊ានផ្តល់អោយដែរ៕SRP