ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា បានសម្ដែងនូវការសោកស្ដាយ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស។ ដូចនេះពេលយើងចាកចេញពីផ្ទះត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រានហ្គាស ពន្លត់ទៀន ធូបជាមុនសិន ដើម្បីបង្ការក្រែងកើតមានមហន្តរាយផ្សេងៗ។ ម៉្យាងទៀតការសង់តូបលក់ដូរឡើងវិញត្រូវតភ្ជាប់ចរន្តអគ្គិសនី ដោយរៀបចំឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដេីម្បីធានាសុវត្ថិភាព។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត មានប្រសាសន៍បែបនេះនៅព្រឹកមិញនេះក្នុងឱកាសអញ្ជើញនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យ ១៣គ្រួសារ នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ។
អំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ជូនទាំង ១២គ្រួសារ ដោយមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រម៉ា ) តង់ និងអាវយឺត។ ដោយឡែក ចំពោះថវិកាផ្តល់ជូនម្ចាស់ផ្ទះដែលខូចខាតទាំងស្រុង និងជាម្ចាស់តូបរងគ្រោះ ១គ្រួសារ ទឹកប្រាក់ចំនួន ២លានរៀល។ ផ្តល់ជូនម្ចាស់តូបរងគ្រោះ ១០គ្រួសារ ក្នុង១គ្រួសារ ៥០ម៉ឺនរៀល និង២គ្រួសារទៀត ដែលខូចខាត ៤០% ផ្តល់ជូន ១គ្រួសារ ៤០ម៉ឺនរៀលផងដែរ។
គួររំលឹកថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង២០នាទីយប់ ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២ ដោយឆ្លងចរន្តអគ្គិសនី ផ្តើមចេញពីបង្គោលភ្លើងតាមថ្នល់ បណ្តាលឲ្យឆេះរាលដាលដល់តូបលក់ដូរទូរស័ព្ទ គ្រឿងអគ្គិសនី តូបអ៊ុតសក់ជាបន្តបន្ទាប់ ហើយបន្តរាលឆេះផ្ទះក្បឿង ទំហំ ១០ម×១៩ម នៅជាប់នឹងផ្សារស្ពឺផងដែរ៕SRP