ភ្នំពេញ៖កងវិស្វកម្មពហុជំនាញ ចំនួន១៨៤នាក់ ក្នុងនោះស្ត្រី៣០នាក់ បានវិលត្រលប់មកមាតុភូមិកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ រយៈពេល១ឆ្នាំ ប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗ នៅសាធារណរដ្ឋលីបង់។
នេះជាការបញ្ជាក់ របស់លោក សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីទទួលកងកម្លាំងមួកខៀវកម្ពុជាធ្វើមាតុភូមិនិវត្តន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
បេសកកម្មនៅសាធារណរដ្ឋលីបង់ជាឆ្នាំទី១២ ហើយកងវិស្វកម្មលេខ៩២៨ គឺជាកងទី១១ ដែលបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។
លោកសែម សុវណ្ណនី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ គណៈកម្មាធិការជាតិ ដែលតែងតែគិតគូរសួរសុខទុក្ខដល់កម្លាំងយើងជាប់ជាប្រចាំ។ កម្លាំងទាំងអស់ត្រូវបានអនុញ្ញាតឱ្យ ទៅឈប់សម្រាកច្បាប់នៅតាមគេហដ្ឋាន គឺត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯងរយៈពេល៥ថ្ងៃបន្តទៀត រួមទាំងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានម៉ឺងម៉ាត់ ស័ក្តិសមជាកងយោធពលខេមរភូមិន្ទគំរូ ដើម្បីគ្រួសារយើងខ្លួនយើង និងសង្គមជាតិយើងទាំងមូល៕ដោយAKP