អាជ្ញាធរខេត្តសៀមរាប ពិភាក្សាគ្នាបញ្ហារថយន្តធំៗ ដឹកជញ្ជូនលើសទម្ងន់ នាំឲ្យឆាប់ខូចផ្លូវ

អាជ្ញាធរខេត្តសៀមរាប ពិភាក្សាគ្នាបញ្ហារថយន្តធំៗ ដឹកជញ្ជូនលើសទម្ងន់ នាំឲ្យឆាប់ខូចផ្លូវ

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំរបស់រដ្ឋបាលខេត្តសៀមរាបសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ម្សិលមិញ បានពិភាក្សាផ្តោតសំខាន់ទៅលើបញ្ហា ផ្លូវនៅតាមជនបទ និង នៅក្នុងតំបន់អាជ្ញាធរជាតិ អប្សរាគ្រប់គ្រង ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ព្រមទាំងបញ្ហាមែកឈើងាប់នៅតាមដងផ្លូវ។ ម្យ៉ាងទៀតក៏បានលើកនូវសំណូមពររបស់អាជ្ញាធរស្រុក ដោយលើកឡើងអំពីបច្ចេកទេសរបស់មន្ទីរជំនាញពាក់ព័ន្ធបញ្ហាខូចផ្លូវមួយខ្សែពីស្រុកអង្គរធំទៅដល់ឃុំស្វាយសរ ស្រុកវ៉ារិនប្រវែង៤៨គីឡូម៉ែត្រ និង ផលប៉ះពាល់ផ្លូវពីស្រុកពួក ទៅស្រុកអង្គរជុំ ដែលបង្កឡើងដោយរថយន្តធំៗដឹកជញ្ជូនលើសទម្ងន់ខុសពីបទដ្ឋានផ្លូវជនបទផងដែរ។

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ទិសដៅរបស់រដ្ឋបាលខេត្ត សម្រេចឲ្យបានជោគជ័យ កត្តាសំខាន់ដែលត្រូវអនុវត្តជាប្រចាំនោះ គឺការប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ដោយបន្តអនុវត្តនូវ វិធានការ ៣កុំ ៣ការពារ និង ការណែនាំរបស់ក្រសួងសុខាភិបាល នូវវីរុសបម្លែងថ្មី (អូមីក្រុង) ដែលបានដើរទន្ទឹមគ្នា ក្នុងពេលការបើកឡើងវិញនូវវិស័យទេសចរណ៍។

លោកបានបន្តទៀតថា ក្រោយពេលការបើកដំណើរការហោះហើរឡើងវិញ ខេត្តសៀមរាបបានធ្វើឲ្យសន្ទុះភ្ញៀវទេសចរបរទេសដំណើរការឡើងបានជាបង្គួរ។ លោកក៏បានលើកពីបញ្ហាសហជីពមួយចំនួន ដែលមិនទាន់យល់ពីការបង់ពន្ធ ការចុះបញ្ជី និង ការសុំអាជ្ញាប័ណ្ណ និង ច្បាប់សំណង់ ហើយរដ្ឋបាលខេត្តនៅតែបន្តធ្វើការណែនាំ និង ឈានទៅធ្វើការផាកពិន័យផងដែរ៕SRP