អាជ្ញាធរខេត្តកោះកុង ប្រកាសមិនទទួលដោះស្រាយ ករណីសកម្មជនដីធ្លីក្រុម៧៤៣គ្រួសារនោះទេ

អាជ្ញាធរខេត្តកោះកុង ប្រកាសមិនទទួលដោះស្រាយ ករណីសកម្មជនដីធ្លីក្រុម៧៤៣គ្រួសារនោះទេ

ខេត្តកោះកុង៖អាជ្ញាធរខេត្តកោះកុង បានប្រកាសមិនទទួលយក ការដោះស្រាយចំពោះការតវ៉ាទាមទារ របស់សកម្មជនដីធ្លីក្រុម៧៤៣គ្រួសារ នៅស្រុកស្រែអំបិល និងស្រុកបូទុមសាគរ នោះឡើយ គ្រាពលរដ្ឋក្រុមនេះបានទទួលសំណងទូទាត់តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល រួចរាល់អស់ហើយកាលពីឆ្នាំ២០១៧។

សូមជម្រាបថាករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន Koh Kong Plantation Co,LTD និងក្រុមហ៊ុន ស្ករអំពៅ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពររួចរាល់ហើយដែលរួមមាន៖ ក្រុមប្រជាពលរដ្ឋ២០០គ្រួសារ ក្រុមពលរដ្ឋ ១៧៥គ្រួសារ ក្រុមពលរដ្ឋ៥៨៥គ្រួសារ និងក្រុមប្រជាពលរដ្ឋ៦៧១គ្រួសារ សរុបទាំងចំនួន១.៦៣១គ្រួសារ។

អំឡុងខែឧសភា ឆ្នាំ២០១៩ ស្រាប់តែប្រជាពលរដ្ឋ៨៤៣គ្រួសារ ដែលបច្ចុប្បន្នជាក្រុម៧៤៣គ្រួសារ ដឹកនាំដោយឈ្មោះ ឈឹម សាផាន បានគៀងគរប្រជាពលរដ្ឋមកពីស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកថ្មបាំង ធ្វើសកម្មភាពតវ៉ានៅមុខសាលាខេត្តកោះកុង និងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមការពិនិត្យឯកសារពាក់ព័ន្ធ គឺពួកគាត់ពុំមានឯកសារកាន់កាប់ដីធ្លីឡើយ ហើយចាប់ពីតាំងឆ្នាំ២០០៦មក ពួកគាត់ពុំមានដាក់ពាក្យបណ្តឹង ឬទាមទារទៅអាជ្ញាធរ ឬស្ថាប័នណាមួយទេ ជាពិសេសក្នុងយុទ្ធនាការរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ដែលក្រសួងដែនដី ចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈឱ្យអ្នកពាក់ព័ន្ធទាំងអស់នោះមកបំពេញសលាកបត្រទាមទារ ក៏ពួកគាត់មិនមានវត្តមានចូលរួមដែរ។

ទាក់ទិននឹងសកម្មភាពជួបជុំ និងការតវ៉ាប្រមូលផ្តុំជាច្រើនលើកច្រើនសារ ដឹកនាំដោយ ឈឹម សាផាន ជាមេខ្លោងធ្វើឡើងតាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅទីតាំងផ្សេងៗគ្នា ជាពិសេសនៅមុខអគាររដ្ឋបាលខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋតវ៉ាទាមទារខុសច្បាប់នៅទីសាធារណៈមិនចេះឈប់ឈរ។

ចំពោះបញ្ហានេះ រដ្ឋបាលខេត្តកោះកុង បដិសេធដាច់ខានមិនយកទទួលការតវ៉ាទាមទារ ឬដោះស្រាយសកម្មជនដីធ្លីក្រុម៧៤៣គ្រួសារនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរខេត្ត ស្នើសុំដល់មេខ្លោង និងប្រជាពលរដ្ឋដែលដោះស្រាយរួចរាល់ហើយមេត្តាបញ្ចប់សកម្មភាពខុសច្បាប់នេះតទៅទៀត ព្រោះសកម្មភាពតវ៉ានេះបង្កឱ្យមានអស្ថេរភាពក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ៕SRP