លោក​ ហាន​ កុសល​៖ សុខភាពល្អ​ គឺជាការទទួលបាន ទ្រព្យសម្បត្តិ​ ដ៏​មហាសាល​

ខេត្តកំពង់ចាម​៖លោក​ ហាន​ កុសល​ អភិបាលរងខេត្ត​កំពង់ចាម​ បានប្រាប់​​ប្រជាពលរដ្ឋ​ លោកគ្រូ​ អ្នកគ្រូ​ថា ការ​រៀបចំ​ឲ្យ​ខ្លួន​ឯង​មាន​សុខភាព​ល្អ​ គឺ​ជា​ការ​ទទួល​បាន​នូវ​ទ្រព្យសម្បត្តិ​ដ៏​​មហាសាល​ តាមរយៈ​ការ​ថែទាំ​សុខភាព​ ដែលផ្តេីម​ចេញ​ពី​កន្លែង​សាមញ្ញៗ​ ទី១​-​គឺ​ផ្តេីម​ចេញ​ពី​ផ្ទះ​របស់​យេីង​ ដែល​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​សំអាត​រៀបចំ​ផ្ទះ​សំបែង​ឲ្យ​បាន​ស្អាត​​ល្អ​ ​ជា​ប្រចាំ​ ។ ទី២-​ ផ្ដើម​ចេញ​ពី​សាលា​រៀន​​ ដែលលោកគ្រូ​ អ្នកគ្រូ​ ត្រូវ​មាន​ការ​ធានា​ខ្ពស់​ ថា​តេី​កូន​សិស្ស​របស់​យេីង​ លាង​សំអាត​ដៃ​ជាមួយ​នឹងសាប៊ូ​ជារេីយៗ​​ លេីសពី​នោះ​នៅ​ក្នុងសាលា​រៀន​ គឺគ្មាន​ការ​លក់​ដូរនំ​ចំណី​ ខូច​គុណភាព​ ឬហួស​ដឺឡេ​ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ។ ទី៣-​ គឺ​ផ្តេីម​ចេញ​ពី​សហគមន៍​​ ដែល​ទាមទារ​ឲ្យ​ពុកម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ លោកគ្រូ​ អ្នកគ្រូ​ ទាំងអស់​ ត្រូវ​តែ​ចូលរួម​ជាមួយ​អាជ្ញាធរ​ និង​អង្គការ​នានា​ផងដែរ​។ ​

លោកលើកឡើងបែបនេះក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជំងឺ​ហង់សិន​ពិភពលោក​ ឆ្នាំ​២០២២​ នៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ឃ្លង់ត្រេីង​ ស្ថិត​ក្នុង​ឃុំ​មៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ នៅថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០២២​នេះ​។

លោកបន្តថា រាជរដ្ឋាភិបាល​កម្ពុជា បានលេីក​ទឹកចិត្ត​ ដល់​ក្រុម​គ្រូពេទ្យ​ ដល់​បុគ្គលិក​សុខាភិបាល​ នៅ​ទូទាំង​ប្រទេស​​ ឲ្យ​​​មាន​សមត្ថភាព​កាន់​តែ​ខ្ពស់​ កាន់​តែ​ល្អ​ កាន់តែ​មាន​ជុំនាញ​ ដេីម្បី​ជួយ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ ដែល​មាន​បញ្ហា​សុខភាព​ បូករួម​ទាំង​ជំងឺ​ ហង់សិន​ ផងដែរ​។

លោក​ ហាន​ កុសល​ បន្តថា​ ពុកម៉ែ​បងប្អូន​ អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​ការ​ចូលរួម​ជាមួយ​នឹងរាជរដ្ឋាភិបាល​ ដេីម្បី​សម្រេច​នូវគោលបំណង​ លប់​បំបាត់​ជំងឺ​ហង់សិន​ឲ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០៣០ តាម​រយៈ​ការ​ទទួល​ខុសត្រូវ​ ចំពោះ​ខ្លួន​ឯង​ ថាតេី​នៅ​ផ្ទះ​យេីង​ធ្វេី​ដូចម្ដេច​ ដេីម្បី​ឲ្យ​យើង​មាន​សុខភាព​ល្អ​ និងទប់ស្កាត់​ការ​ឆ្លង​ពី​ជំងឺ​ហង់សិន​ រួមនឹង​ជំងឺ​ផ្សេងៗ​ទៀត​ ព្រោះថា​បេីសិន​ជា​យេីង​ម្នាក់ៗ​មិន​ព្យាយាម​ ទទួល​ខុសត្រូវ​ថែទាំ​សុខភាព​របស់​ខ្លួន​ឯង​ទេ​ យេីង​ប្រហែល​ជា​មានការលំបាក​ក្នុង​ការ​ឈាន​ទៅ​សម្រេច​នូវគោលនយោបាយ​ មិន​ថា​ចំពោះជំងឺ​ហង់សិន​ ជំងឺ​គ្រុនចាញ់​ ជំងឺ​អេដស៍​ និង​ជំងឺ​ផ្សេងៗ​ ទេ​ ដូច្នេះត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​បុគ្គល​ម្នាក់ៗ​ទាំងអស់​គ្នា​៕​SRP