ខេត្តកំពង់ចាម៖លោកវេជ្ជបណ្ឌិត ង៉ិល វុធ អនុប្រធានមន្ទីរព្យាបាលភ្នែក ហូសេង ភ្នំពេញ បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីរពេទ្យយោធ ភូមិភាគទី២ ដោយមានការគាំទ្រ ពីស.ស.យ.ក និងសមាគម LP8 ដែលបានចូលរួមឧបត្តមនូវថវិកា មួយចំនួនសម្រាប់ធ្វើការពិនិត្យ ព្យាបាល និងផ្ដល់ជាវែនតា ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកកំង់សៀម ប្រមាណជាង៤០០នាក់ ដែលមានបញ្ហាភ្នែក។ ការចុះចែកនិងពិនិត្យនេះ ធ្វើឡើងនារសៀលថ្ងៃទី២៤ ខែមករា ម្ម្សិលមិញនៅមន្ទីរពេទ្យ ៧ដេ ខេត្តកំពង់ចាម។
លោកវេជ្ជបណ្ឌិត ង៉ិល វុធ ជាដុកទ័រជំនាញឯកទេសភ្នែក បានឲ្យដឹងថា កម្មវិធីថែទាំសុខភាពភ្នែក របស់មន្ទីព្យាបាលភ្នែកហូសេងភ្នំពេញ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម នេះ ត្រូវបានធ្វេីឡេីងក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្រោមប្រធានបទ «ពន្លឺថ្មីនៃក្តីសង្ឃឺម» ក្នុងគោលបំណង ផ្សព្វផ្សាយ អប់រំ អំពីរបៀបថែទាំសុខភាពភ្នែក និងចែកវ៉ែនតា ក្រោមការគាំទ្រពីលោកស្រី សុក សុធាវី តំណាងសមាគម LP8។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ចំពោះលោកយាយ លោកតា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ប្រសិនណាជាការពិនិត្យនេះឃើញថា ភ្នែកមានបញ្ហាធ្ងន់ធ្ងរ គឺសូមបន្តទៅធ្វើការវះកាត់នៅមន្ទីរព្យាបាលភ្នែក ហូសេងភ្នំពេញ នៅរាជធានីភ្នំពេញដោយឥតគិតថ្លៃ ដែលមន្ទីរព្យាបាលភ្នែកនេះ មានស្តង់ដារ រួមនឹងគ្រូពេទ្យមានជំនាញ និងបទពិសោធន៍ផ្នែកភ្នែកជាយូរឆ្នាំ មកពីទីក្រុង សៀងហៃ ប្រទេសចិន ដោយមានបំពាក់នូវម៉ាស៊ីនទំនើបៗ ជាមួយនឹងស្តង់ដារខ្ពស់សម្រាប់ការធ្វើរោគវិនិច្ឆ័យក្នុងការវះកាត់ភ្នែក និងប្រកបដោយផាសុខភាព ដើម្បីបម្រើសេចក្តីត្រូវការរបស់អ្នកជំងឺ ដែលផ្តល់នូវការព្យាបាលដល់អ្នកជំងឺ ដោយមានការយកចិត្តទុកដាក់បំផុត។
លោកវេជ្ជបណ្ឌិត ង៉ិល វុធ ក៏បានថ្លែងអំណរគុណចំពោះ លោក ប៊ិន ឡាដា អភិបាល ស្រុកកំពង់សៀម និងលោក ឧត្ដមសេនីយ៍ វេជ្ជបណ្ឌិត.ណាំ វណ្ណះ នាយកមន្ទីរពេទ្យយោធភូមិភាគទី២ ក៏ដូចជាក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់សហការគាំទ្រកម្មវិធីថែទាំសុខភាពភ្នែក របស់មន្ទីព្យាបាលភ្នែកហូសេងភ្នំពេញ ជូនដល់ពលរដ្ឋក្នុងស្រុកកំពង់សៀម រយៈពេល២ថ្ងៃនេះ៕SRP

