ខេត្តត្បូងឃ្មុំ៖កំព្យូទ័រយួរដៃ (computer latop) ចំនួន៥៤គ្រឿង ព្រមទាំងថវិកា ជារង្វាន់ដ៏ថ្លៃថ្លារបស់ លោកហ៊ុន ម៉ាណែត ផ្តល់ជូនសិស្សានុសិស្ស ប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៤នាក់ ក្នុងឆ្នាំសិក្សា២០២០-២០២១ ដែលជាការលើកទឹកចិត្តដល់ប្អូនៗក្មួយៗ ខិតខំសិក្សា ប្រលងជាប់ទទួលបាននិទ្ទេសល្អ ក្នុងចំណោមសិស្សដែលប្រលងជាប់ជាស្ថាពរសរុប២៩៤៤នាក់ ក្នុងខេត្តត្បូងឃ្មុំទាំងមូល។
ក្នុងឱកាសសំណេះសំណាលផ្តល់រង្វាន់ និងថវិកាលើកទឹកចិត្តសិស្សឆ្នើមនិទ្ទេសA នៅព្រឹកមិញនេះ នៅសាលាខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានចែកថវិកា ដល់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស ជាការអរគុណដែលខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ រហូតក្មួយៗទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះផងដែរ។
អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរក្មួយៗទាំង៥៤រូប និងលោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្ស ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីដ៏សាកសមបំផុត មានទាំងចំណេះដឹងខ្ពង់ខ្ពស់ បុគ្គលិកលក្ខណៈល្អឥតខ្ចោះ មានសុជីវធម៍ គុណធម៍ និងប្រជាប្រិយភាពគ្រប់ស្រទាប់វណ្ណៈនៃពលរដ្ឋកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។
អភិបាលខេត្ត ក៏បានជំរុញឲ្យប្អូនៗក្មួយៗសិស្សានុសិស្ស យកសម្ភារសិក្សា និងថវិកាដែលផ្តល់ជូន ទៅប្រើប្រាស់ឲ្យចំគោលដៅ ខិតខំប្រឹងប្រែងរៀនសូត្របន្ត នាថ្នាក់ឧត្តមសិក្សា ពិសេសសិស្សានុសិស្សថ្នាក់វិទ្យាល័យនាជំនាន់ក្រោយៗទៀត ខិតខំប្រឹងប្រែងសិក្សាដើម្បីទទួលបានការលើកទឹកចិត្តដូចគ្នាបែបនេះ ពិសេសត្រូវចង់ចាំថា ចំណេះវិជ្ជាជាស្ពានឈានទៅរកជោគជ័យនិងកិត្តិយស សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើងទាំងមូល ដែលកំពុងត្រូវការធនធានមនុស្សជាចាំបាច់ នាសព្វថ្ងៃនេះក្នុងការបន្តអភិឌ្ឍន៍ប្រទេស៕SRP

