ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានផ្ដល់អទិភាពលេីវិស័យទាំង៤ គឺ មនុស្ស ផ្លូវ ទឹក និងភ្លេីង អញ្ចឹងការបណ្ដុះបណ្ដាលធនធានមនុស្ស យេីងត្រូវជ្រេីសរេីសកម្រិតជំនាញ វិជ្ជាសាស្ត្រ បច្ចេកទេសជាកត្តាសំខាន់ ព្រោះការកសាងប្រទេសឲ្យមានការរីកចម្រើន គឺត្រូវផ្តោតសំខាន់ ទៅលើការកសាងធនធានមនុស្ស ទេីបធ្វើឲ្យប្រទេសយើងមានការរីកចម្រើន ហើយក៏នាំមកនូវសុខសន្តិភាព ដេីម្បីឲ្យសុខសន្តិភាព មានវឌ្ឍនភាព គឺត្រូវចំបាច់មានការអភិវឌ្ឍលេីវិស័យទាំង៤នេះ ដើម្បីផ្តល់ផលប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋ ដល់សង្គមជាតិ និងនាំមកនូវការរីកចម្រើន ក៏ដូចជាការចូលរួមលេីកកម្ពស់កម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
ថ្លែងបែបនេះក្នុងពិធីបើកបវសនកាលថ្មីឆ្នាំសិក្សា២០២១-២០២២ និងចែកប័ណ្ណសរសើរជូននិស្សិត បុគ្គលិក សាស្តចារ្យ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម នៅព្រឹកមិញនេះ។
ក្នុងពិធីលោក អ៊ុន ចាន់ដា បានក្រេីនរំលឹកចំពោះប្អូនៗសិស្សនិស្សិតទាំងអស់ ត្រូវចងចាំថា ប្អូនៗ គឺជាអ្នកកាន់កូនសោសម្រាប់បើកជោគវាសនារបស់ខ្លួន នាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះ ដែលអាចបើកផ្លូវឲ្យប្អូនៗទាំងអស់ទទួលបានអនាគតដ៏រុងរឿង។
លោកអភិបាលខេត្ត បានបន្តថា ចំណេះវិជ្ជា និងសីលធម៌ជាក្រុមគ្រួសារ ដូចនេះសូមឲ្យប្អូនៗ ខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រលើជំនាញសិក្សារបស់ខ្លួន ដើម្បីអាចក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ” ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវបន្ថែមទៅលើកិច្ចការដែលលោកគ្រូ អ្នកគ្រូ សាស្ដ្រាចារ្យ បានដាក់ឲ្យធ្វេី ទាំងនៅក្នុងថ្នាក់រៀន និងក្រៅថ្នាក់រៀន ពោលគឺត្រូវចៀសវាងការប្រព្រឹត្តអំពើមិនគប្បី ទាំងឡាយ ដែលជាកង្វល់ចំពោះមុខរបស់សង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។
បេីតាមលោក មួនវាសនា សាកលវិទ្យាធិការរង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឆ្នាំក្សា ២០២០-២០២១ កន្លងមកនេះUMEខេត្តកំពង់ចាម មាននិស្សិតកំពុងសិក្សាសរុបចំនួន ជាង២៥០០នាក់ និស្សិតស្រីច្រើនជាង៥០% ដែលកំពុងសិក្សាកម្រិតឆ្នាំសិក្សាមូលដ្ឋាន កម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានជំនាញដូចជា ជំនាញគ្រប់គ្រង គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ គ្រប់គ្រងទេសចរណ៍ ទីផ្សារ សេដ្ឋកិច្ច ច្បាប់ ភាសា អង់គ្លេស អភិវឌ្ឃសហគមន៍ និងវិទ្យាស្ត្រកុំព្យូទ័រ៕SRP