ប៉ូលិសរកមិនឃើញ ទីតាំងជល់មាន់ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ក្រុមមន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវក្រុងសៀមរាប រកមិនឃើញទីតាំងបនល្បែងជល់មាន់ ក្រោយពីមានបណ្ដាញសង្គម facebook បានចុះផ្សាយថាទឹកដីសង្កាត់ជ្រាវ មានល្បែងជល់មាន់និងអាប៉ោង។

អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា៖កន្លងទៅថ្មីៗនេះមានសារព័ត៌មាន សុរ៉ា សារព័ត៌មាន បានសរសេរបង្ហោះនៅតាមបណ្ដាទំនាក់ទំនងសង្គមដែលមានខ្លឺមសារថា៖ មានការបើកល្បែងស៊ីសងខុសច្បាប់ដូចជា ជល់មាន់ និងអាប៉ោង នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

អ្នកនាំពាក្យបានបន្ថែមថា ក្រោយពីបានទទួលព័ត៌មាន លោកតេង ច័ន្ទណាត ស្នងការខេត្តសៀមរាប បានដាក់បទបញ្ជាឲ្យចុះស្រាវជ្រាវជាបន្ទាន់។

បើតាមអ្នកនាំពាក្យបានបញ្ជាក់ថា ជាក់ស្ដែង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រាវ ដឹកនាំនិងបញ្ជារផ្ទាល់ដោយអធិការនគរបាលក្រុងសៀមរាប លោកដា ចំរើន បានចុះស្រាវជ្រាវទៅដល់ទីតាំងដែល សុរ៉ា សារព័ត៌មាន បានសរសេរបង្ហោះនៅក្នុង Facebook ពិនិត្យឃើញថា ៖ នៅក្នុងភូមិសាស្រ្ដនេះគឺពុំមានការលេងល្បែងស៊ីសងខុសច្បាប់ ដូចជា ជល់មាន់ លេងបៀ អាប៉ោង ដូចសារព័ត៌មានខាងលើ បានចុះផ្សាយនោះទេ។

ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងអនេកចំពោះបងប្អូនប្រជាពលរដ្ឋ អ្នកសារព័ត៌មាន អ្នកនិយមតាមដានព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម ដែលតែងតែចូលរួមផ្ដល់ព័ត៌មាន ពាក់ព័ន្ធសកម្មភាពល្មើសច្បាប់ បទល្មើសគ្រប់ប្រភេទ ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងន័យដើម្បីចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន បណ្ដាអ្នកនិយមតាមដានព័ត៌មាន នៅតាមបណ្ដាញFacebook និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕SRP