ឡានដឹកសំរាម បើកបុកម៉ូតូនៅស្រុកបាគង បណ្ដាលឱ្យមេភូមិជ្រៃ ស្លាប់ភ្លាមៗ

ឡានដឹកសំរាម បើកបុកម៉ូតូនៅស្រុកបាគង បណ្ដាលឱ្យមេភូមិជ្រៃ ស្លាប់ភ្លាមៗ

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាមេភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាបបានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈកំពុងបើកម៉ូតូត្រូវបានរថយន្តដឹកសំរាមបុកចំពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ ៦ ត្រង់ចំណុមុខការាស់សាំង ចេង ប៊ុនអៀង ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំស្រុកប្រាសាទបាគងខេត្តសៀមរាប វេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

មន្ត្រីនគរបាលចរាចរណ៍នៅកន្លែងកើតហេតុបានប្រាប់ថា ភាគីរថយន្តដឹកសំរាមធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច បានបុកនឹងម៉ូតូដែលធ្វើដំណើរពីទិសខាងលិចមកទិសខាងកើត ក្នុងទិសដៅបញ្ច្រាស់គ្នា។

ទោះជាយ៉ាងណាមន្ត្រីនគរបាលចរាចរណ៍មិនបានព័ត៌មានលម្អិតចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ។ ប៉ុន្តែលោកលឹម សម្បត្តិ អធិការស្រុកប្រាសាទបាគង បានបញ្ជាក់នៅលើប្រព័ន្ធតេឡេក្រាមថា ជនបង្កភាគីខាងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយបង្កហេតុ។

របាយការណ៍របស់ចរាចរណ៍បានបញ្ជាក់ថា
រថយន្តមួយគ្រឿងពណ៌ខៀវគ្មានផ្លាកលេខ(ក្រុមហ៊ុនដឹកសំរាមកាយ៉ា)បើកបរដោយឈ្មោះថម ឡាក់ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប មានទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតទៅបុកនឹងម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម.សេ១២៥ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម១E៧៧៥០ បើកបរដោយឈ្មោះចឹង ម៉ី ភេទប្រុស អាយុ៥៦ឆ្នាំ មេភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាបបើកបរមានទិសដៅពីលិចទៅកើត ស្លាប់នៅនឹងកន្លែង។ ករណីចរាចរណ៍នេះ អ្នកបើកបររថយន្តសមត្តកិច្ចឃាត់ខ្លួនរៀបចំសំណុំរឿងតាមនិតិវិធីច្បាប់។មូលហេតុអ្នកបើកបររថយន្តដឹកសំរាមបើកបរមិនប្រកាន់ស្តាំ។ វត្ថុតាងទាំង២យកមករក្សាទុកនៅអធិការស្រុករង់ចាំដោះស្រាយតាមច្បាប់៕SRP