លោកហ៊ុយ វណ្ណ: រំលឹកប្រសាសន៍ សម្តេចហ៊ុន សែន «សារព័ត៌មានល្អ បើមានការថ្លោះធ្លោយ គឺត្រូវតែហ៊ានកែតម្រូវ»

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោកហ៊ុយ វណ្ណៈ ដែលជាអ្នកសារព័ត៌មានជើងចាស់ដ៏ល្បីល្បាញមួយរូបក្នុងនោះ  បានរំលឹកអំពីប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទាក់ទងទៅនឹងវិស័យសារព័ត៌មានចំនួន៧ ចំណុច។លោកហ៊ុយ វណ្ណៈ បានសរសេរតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ រំលឹកប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៖

១- អ្នកសាព័ត៌មាន គឺត្រូវតែនិយាយការពិត និងទាន់ហេតុការណ៍ ពីព្រោះគ្មានអ្នកណាអានព័ត៌មានផ្អូមទេ។
២- អ្នកសារព័ត៌មាន ត្រូវស្គាល់តួនាទីខ្លួន គឺមិនត្រូវធ្វើខ្លួនជាអ្នកអត្ថាធិប្បាយផង ជាព្រះរាជអាជ្ញា និងជាចៅក្រមផងនោះទេ និងកុំធ្វើការសន្និដ្ឋានបិទផ្លូវ។
៣- អ្នកសារព័ត៌មានត្រូវរៀនអំពីរបៀបសួរសំណួរ។
៤- សារព័ត៌មានល្អ បើមានការថ្លោះធ្លោយ គឺត្រូវតែហ៊ានកែតម្រូវ។
៥- អ្នកសារព័ត៌មាន គឺកុំធ្វើការដោះដូរបំបិទព័ត៌មានជាមួយនឹងលុយកាក់។
៦- សូមបន្តពង្រឹងការបណ្តុះបណ្តាលធនធានអ្នកសារព័ត៌មាន។ ចំណុចដែលខ្ញុំ (សម្តេច ហ៊ុន សែន) បានលើកឡើងទាំងអស់នេះ គឺខ្ញុំចង់បានសារព័ត៌មានយើងល្អ ពីព្រោះយើងនៅក្រោមដំបូលជាគ្រួសារតែមួយ។
៧- ខ្ញុំនិងភរិយាសូមជូនពរបងប្អូនអ្នកសារព័ត៌មានទាំងអស់ទទួលជោគជ័យក្នុវិជ្ជាជីវៈដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសយើងឲ្យកាន់តែរីកចម្រើន។ ១៤-១-២០១៧

សូមជម្រាបថា រយ:ពេលកន្លងមកមានអ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួនបានរងការបណ្ដឹងករណីផ្សេងៗគ្នា ទាក់ទងទៅនឹងការចុះផ្សាយអត្ថបទតាមគេហទំព័រនិងចុះផ្សាយតាមទំព័រហ្វេសប៊ុក។ ក្នុងនោះក៏មានអ្នកសារព័ត៌មានមួយចំនួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។

ចំណែក លោកហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក ដែលជាអ្នកសារព័ត៌មានមួយរូបនៅកម្ពុជាផងដែរនោះ បានសរសេរសំណេរមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ ច្បាប់ស្តីពីរបបសារព័ត៌មាន សម្រាប់យកមកអនុវត្តជាមួយអ្នកសារព័ត៌មាន ទៅណាបាត់ហេីយ បានជាយកច្បាប់ក្រមព្រហ្មទ័ណ្ឌថ្មីមកកាត់ទោសអ្នកកាសែតគ្រប់រឿងដូច្នេះ???រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ ធ្លាប់បានមានប្រសាសន៍ណែនាំដល់អ្នកសារព័ត៌មានទូទាំងប្រទេសថា អាវក្រោះសម្រាប់ការពារអ្នកសារព័ត៌មាន គឺសរសេរព័ត៌មាននិងអត្ថាធិប្បាយព័ត៌មាន តាមវិជ្ជាជីវៈនិងក្រមសីលធម៌៕SRP