អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រី​ឲ្យ ពិនិត្យ ការធ្វើអាជីវកម្មលក់អាចម៍ដី​ ឲ្យបានម៉ត់ចត់

0

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២​នេះ​ អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ប្រាប់ដល់​មន្ត្រី​ការិយាល័យ​ច្រកចេញចូលតែមួយ​ និង​​អង្គភាព​ច្រកចេញចូលតែមួយ​ នៅពេល​ដែល​ចេញ​លិខិត​អនុញ្ញាត​ការ​ធ្វើ​អាជីវកម្ម​លក់​អាចម៍​ដី​ គឺត្រូវ​ចំលង​ជូន​​រដ្ឋបាល​ក្រុង​-ស្រុក​ ដើម្បី​បន្តការពិនិត្យ​តាមដាន​ចំពោះ​ម្ចាស់​អាជីវកម្ម​នោះ​ តេី​ពួកគាត់​បាន​គោរព​តាមសេចក្តី​ណែនាំ​របស់​រដ្ឋបាល​​ខេត្តដែរ​ឬ​ក៏អត់​ ចៀសវាង​កន្ទេល​ធំ​បន្លំ​ដេក​​ ដែលធ្វើ​ឲ្យប៉ះពាល់​ដល់​សោភណភាព​ផ្លូវ​ និង​បាត់បង់​សួយសារអាករចូលរដ្ឋ​។ ដូច្នេះ​ត្រូវ​ទាមទារ​ឲ្យ​​អង្គភាព​​​ផ្តល់​សេវា​ ហើយ​នឹង​អាជ្ញាធរ​​មូលដ្ឋាន​ ត្រូវ​តែ​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​តាម​ទំរង់​រដ្ឋបាល​តួនាទី​ភារកិច្ច​របស់​ខ្លួន​។ ​

ក្នុង​កិច្ចប្រជុំ​នោះដែរ​ លោក​ អ៊ុន​ ចាន់ដា​ បាន​​លេីកឡេីងថា​ អាជ្ញាធរ​ក្រុង​-ស្រុក​ គឺ​មាន​សិទ្ធិ​គ្រប់គ្រាន់​ ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​​​ ចំពោះ​សំណង់​ដែល​ពុំមាន​លិខិត​អនុញ្ញាត​ គឺត្រូវធ្វើការ​ណែនាំ​ឲ្យ​មាន​ការ​សុំ​ច្បាប់​អនុញ្ញាត​​​ឲ្យ​បាន​ត្រឹមត្រូវ​​មុន​នឹង​សាងសង់​។ ដោយឡែក​សំណង់​ដែល​រំលោភបំពាន​លើ​ដី​ចំណី​ផ្លូវ​ ​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវតែ​ធ្វើ​ការ​ហាមឃាត់​​ ហើយ​រាយការណ៍​ជូន​រដ្ឋបាល​ក្រុង-ស្រុក​ និង​ខេត្ត​ ដើម្បី​មាន​វិធានការ​ទប់ស្កាត់ ឲ្យ​ទាន់ពេលវេលា​ផងដែរ​។

ក្នុង​កិច្ចប្រជុំនេះដែរ​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេល៣ខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៤-បញ្ហាផ្សេងៗ៕SRP