ខេត្តឧត្តរមានជ័យ៖មានការលើកឡើងថា ព្រៃឈើ និងសត្វព្រៃ ក្នុងដែនសហគមន៍សង្ឃរុក្ខវ័ន កំពុងរងការបំផ្លាញដោយក្រុមមនុស្ស៣ប្រភេទ ដែលពិបាកក្នុងការទប់ស្កាត់ជាទីបំផុត។
ករណីខាងលើនេះ បានធ្វើអោយ ព្រះសង្ឃនៃ សហគមន៍សង្ឃរុក្ខវ័ន សម្ដែងនូវការព្រួយបារម្ភ ចំពោះការបាត់បង់ នូវធនធានធម្មជាតិ ព្រៃឈើធំៗ និងសត្វព្រៃគ្រប់ប្រភេទ ក្នុងដែនព្រៃឈើ សហគមន៍សង្ឃរុក្ខវ័ន នៃខេត្តឧត្តរមានជ័យ លើមនុស្សបីប្រភេទ បើទោះបីព្រៃឈើសហគមន៍នេះ មានការការពារ យ៉ាងតឹងរឹងបំផុត ពីសំណាក់ព្រះសង្ឃក៏ដោយ។
ថ្មីៗនេះក្នុងបណ្តាញទំនាក់ទំនងសង្គម ឈ្មោះ Em So Ann ជាគណនីរបស់ព្រះសង្ឃ ដែលទូទៅគេស្គាល់ថា ជាព្រះសង្ឃកំពុងការពារព្រៃឈើ សហគមន៍សង្ឃរក្ខវ័ន បានសរសេរថា៖ ព្រៃឈើ សហគមន៍សង្ឃរុក្ខវ័ន ដែលព្រះសង្ឃ ខំប្រឹងការពារ រយ:ជិត២០ឆ្នាំមកនោះ អាចរលាយអស់នៅប្រភេទឈើប្រណិត និងប្រភេទសត្វកម្រ ដោយសារមនុស្ស៣ ប្រភេទ។ ក្នុងបណ្តាញបានសរសេរថា ប្រភេទមនុស្សទី១ គឺអ្នកស្រុកភូមិ នៅជិតព្រៃ សហគមន៍ ព្រះសង្ឃមួយចំនួនតូច។ ប្រភេទមនុស្សទី២ គឺជាមន្ត្រីការពារ ផងលួចផង ឯ ប្រភេទមនុស្សទី៣ គឺធ្វើជាអ្នកដេញ ចាប់ចោរផង ឃុបឃិតជា មួយចោរផង។
ក្នុងបណ្តាញដដែលសរសេរទៀតថា ប្រសិនបើគ្មានការអនុវត្តន៍ ច្បាប់តឹងរឹង ទៅលើមនុស្សប្រភេទ ទាំង៣នេះទេ ព្រៃឈើ អាចរលាយអស់ជាមិនខាន។ ព្រះសង្ឃអង្គនេះ បានសំណូមពរ ដល់បុគ្គលមួយ ចំនួន ដែលមកធ្វើជាអ្នកការពារព្រៃឈើ នៅក្នុងសហគមន៍សង្ឃរុក្ខវ័ននេះ គឺមកជួយធ្វើការសហការការពារព្រៃឈើ ជាមួយព្រះសង្ឃ មិនមែនមកបញ្ជា ព្រះសង្ឃ នោះទេ។
យោងតាមការសរសេរបង្ហោះសារ ដែលបង្ហាញពីការព្រួយបារម្ភ ចំពោះការបាត់បង់ព្រៃឈើ របស់ព្រះ សង្ឃនៃសហគមន៍សង្ឃរុក្ខវ័ន អាចបញ្ជាក់បានថា ឈ្មួញបំផ្លាញព្រៃឈើ គឺជាសមត្ថកិច្ចដែលការពារព្រៃឈើ។ អីចឹងទេ អាជ្ញាធរក្នុងខេត្តឧត្តរមានជ័យ គួរពិចារណាអោយបានល្អិតល្អន់ទាន់នៅសល់ខ្លះ៕SRP

