ចុះត្រួតពិនិត្យទំនិញ​ ក្នុងផ្សារមេមត់ ដេីម្បីការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំគ្រប់រូបភាព

0

ខេត្តត្បូងឃ្មុំ៖មន្ត្រីសាខា ក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តត្បងឃ្មុំ ចុះត្រួតពិនិត្យផលិតផលទំនិញ នៅផ្សារមេមត់ ដេីម្បីណែនាំដល់អាជីវករលក់ទំនិញទាំងឡាយ​ ដែលមិនបានបង់ពន្ធត្រឹមត្រូវ ទាំងពន្ធគយ និងពន្ធដារ​ ឲ្យនាំគ្នាទៅបង់ពន្ធជូនរដ្ឋ។ ការ​ចុះ​ត្រួតពិនិត្យ​មុខ​ទំនិញ​​នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២​។ 

លោក សាន វិជ្ជាសារ៉ាវុទ្ធ បានឲ្យដឹងថា ការលក់ដូររបស់អាជីវករមានលក្ខណៈល្អត្រឹមត្រូវច្រើន ហើយទំនិញដែលមិនអនុលោមភាពនោះមានតិចទួចទេ តួនាទីរបស់ ក.ប.ប យើង គឺការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំគ្រប់រូបភាព គ្រប់មធ្យោបាយ ជា​ប្រយោជន៍​ដល់​បងប្អូនប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ប្រកបដោយគុណភាព និងមិនប៉ះពាល់ដល់សុខភាពផងដែរ​។ 

លោក ប្រធាន សាខា ក.ប.ប ខេត្ត បានបញ្ជាក់ថា ជាលទ្ធផលមន្ត្រីជំនាញបានធ្វើការដកហូតផលិតផលដែលមិនអនុលោមច្បាប់ រួមមាន​៖

១-ស្ករ Milky Vitamin Candy ចំនួន ២៥កំប៉ុង ស្មើ ១២.៥គីឡូក្រាម

២-ឡេ Yura in White ចំនួន ៦កំប៉ុង ស្មើ ១.៨គីឡូក្រាម

៣-ឡេ Vitamin Candy ចំនួន ២០កំប៉ុង ស្មើ ៦គីឡូក្រាម

៤-ឡេកូនក្រមុំ ចំនួន ១៥កំប៉ុង ស្មើ ៧.៥គីឡូក្រាម

៥-ធុងលាយឡេ និងឡេ ចំនួន ២គីឡូក្រាម

៦-ឡេកំប៉ុងចម្រុះ ចំនួន ៧.៥គីឡូក្រាម

៧-ឡេ DDY White 3days ចំនួន ៩៤កំប៉ុង ស្មើ ៦៥.៨គីឡូក្រាម

សរុបមានចំនួន ១០៣.១០គីឡូក្រាម ហើយមន្ត្រីជំនាញក៏បានធ្វើការពន្យល់ណែនាំដល់អាជីវករឲ្យដាក់តាំងលក់ផលិតផលទំនិញប្រកបដោយស្តង់ដារអនាម័យខ្ពស់ ចេះមើលអាយុកាលទំនិញ និងផលិតផលទំនិញដែលអនុលោមច្បាប់ មុននិងលក់ទៅដល់ដៃអ្នកប្រើប្រាស់ ចៀសវាងការខាតបង់សេដ្ឋកិច្ចគ្រួសារ និងប្រឈមចំពោះមុខច្បាប់៕SRP