មន្ត្រីប្រយ័ត្នប្រយែង ក្នុងការចុះវាស់វែងដី​ ចៀសវាងការបំពានយកដីកម្មសិទ្ធិរបស់​រដ្ឋ​

0

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ធ្វេីការ​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ឲ្យ​មានការ​ប្រយ័ត្នប្រយែង​ចំពោះការចុះ​វាស់វែង​ដីធ្លី​ ត្រូវចៀសវាង​ជាដាច់ខាត​នូវការ​រំលោភ​បំពាន​យក​ដី​រដ្ឋ​ ជាពិសេស​ការ​ទន្ទ្រាន​កាន់កាប់​ដី​បឹងបួ​នានា​ ​​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​​។

លោកថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​​ស្តីពីការពិនិត្យ ពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យឧបសម្ពន្ធទី៦ ស្ដីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅក្នុងខេត្តកំពង់ចាម​ ដែលបានធ្វើឡើង​នៅថ្ងៃទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅសាខាពន្ធដារខេត្ត​។

លោក​ អ៊ុន​ ចាន់ដា​ បានលេីកឡេីងថា​ ទោះបីជា​មាន​បុគ្គល​ណាមួយ​អះអាង​ថា​នឹងបង់ពន្ធ​អចលនទ្រព្យ​​ចូល​រដ្ឋ​យ៉ាងណាក្ដី​ ក៏យេីងមិន​ត្រូវ​វាស់វែង​អារកាត់​ដី​កម្មសិទ្ធិ​របស់​រដ្ឋ​ ឲ្យ​ទៅ​ឯកជន​គ្រប់គ្រង​បាន​ឡេីយ​ ជាពិសេស​ដី​នៅ​តំបន់​បឹងបួ​នានា​ ឬ​ដី​ព្រៃ​លិចទឹក​ ដែលត្រូវ​ទាមទារ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​។

សូមជម្រាបថាកន្លងមកអភិបាលខេត្ត​ ក៏បានចេញ​សេចក្តីណែនាំ និង​ផ្សព្វផ្សាយ ព្រមទាំង​បាន​ចុះ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ និង​ទប់ស្កាត់​រាល់​ការរំលោភ ការ​ឈូសឆាយ ការដុត​រាន និង​ការលក់ដូរ​ដោយ​ខុសច្បាប់ ​ដីព្រៃ​លិច​ទឹក ដែលជា​ទ្រព្យសម្បត្តិ​សាធារណ​:​របស់​រដ្ឋ ព្រោះមាន​សារ​:​សំខាន់​ក្នុង​ការបម្រើ​ផលប្រយោជន៍​ដល់​បងប្អូន​ប្រជា​សហគមន៍ និង​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ​។

ក្នុងកិច្ចប្រជុំនោះ​ដែរ លោក ហេង កុសលបុត ប្រធានសាខាពន្ធដារខេត្តកំពង់ចាម​ បាន​ធ្វើ​បទបង្ហាញស្តីពី ការពិនិត្យ ពិភាក្សាលើសេចក្តីព្រាង អចលន ទ្រព្យ ឧបសម្ព័ន្ធទី៦ ស្តីពី ការបែងចែកភូមិសាស្ត្រ និងតម្លៃ អចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅខេត្តកំពង់ចាម​ ដែល​ក្នុងនោះ​ សម្រាប់​ដី​ស្ថិត​នៅ​ជុំវិញ​ផ្សារ​ និង​ផ្លូវ​មេ​ ក្នុង​ក្រុងកំពង់ចាម​ ក្នុង១ម៉ែត្រក្រឡា​ តម្លៃ​៥០០ទៅ៦០០ដុល្លារ​ និងដី​ស្ថិត​នៅ​ផ្លូវ​រណប​ពាក់ព័ន្ធផ្លូវ​មេ​ខាងលើ​ ក្នុង​១ម៉ែត្រ​ក្រឡា​ ៤០០ទៅ៥០០ដុល្លារ​ ចំណែក​ដី​ស្ថិត​នៅ​ច្រក​ផ្លូវ​ពាក់ព័ន្ធ​ផ្លូវ​មេ​ និងផ្លូវ​រណប​ខាងលើ​ ក្នុង​១ម៉ែត្រ​ក្រឡា​ ៣០០ទៅ៤០០ដុល្លារ​​៕SRP