ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការស្រាវជ្រាវ ចាប់ខ្លួនដៃដល់ នៅស្រុករមាសហែក ខេត្តស្វាយរៀង នាវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ ករណីសំណុំរឿងចាក់សម្លាប់ស្ដ្រីជនជាតិចិន នៅខណ្ឌដង្កោ។
សូមបញ្ជាក់ថាហេតុការណ៍អំពើឃាតកម្មលើស្ដ្រីជនជាតិចិននេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងរោងចក្រគោលដេនហ្គ្រេស ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចព្រហ្មទណ្ឌបានដឹងថាជនដៃដល់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះ ឈ្មោះ សាវ វិន (XIAO WEN) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរប្រធានផ្នែកដេរ កាន់លិខិតឆ្លងដែនលេខ EO1271955 ស្នាក់នៅក្នុងរោងចក្រគោលដេនហ្គ្រេស។ ចំណែកជនរងគ្រោះឈ្មោះ ឌៀង លី (DING LI) ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF5967276 មុខរបរប្រធានរោងចក្រ ស្នាក់នៅក្នុងរោងចក្រគោលដេនហ្គ្រេស ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បច្ចុប្បន្ននគរបាលព្រហ្មទណ្ឌ កំពុងបញ្ជូនខ្លួនជនសង្ស័យមកធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕SRP

