ប្រាប់ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម ​ថ្មីត្រូវ​ខិតខំ​បំពេញ​ការងារ​ ឲ្យ​អស់​ពី​សមត្ថភាព​

0

ខេត្តកំពង់ចាម៖អភិបាល​ខេត្ត​ បាន​ប្រាប់លោកស្រីប្រធាន​មន្ទីរ​ ដែល​ទើប​ទទួល​បាន​ការ​ប្រគល់​ភារកិច្ច​ថ្មី​ ត្រូវ​ខិតខំ​បំពេញ​ការងារ​ឲ្យ​អស់​ពី​សមត្ថភាព​ លទ្ធភាព​ ទេពកោសល្យ​ ការ​ប៉ិនប្រសប់​ និង​គំនិត​ច្នៃប្រឌិត​រស់​រវើក​ ក្នុង​ស្មារតី​យក​ចិត្ត​ទុកដាក់​ ​លេីការ​​ដឹកនាំ​ និង​ភាពទទួល​ខុសត្រូវ​ខ្ពស់​ផងដែរ​។ ​

លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម ​បានលេីក​ឡើង​ថា​ បច្ចុប្បន្ននេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំពុង​កំណែទម្រង់​ស៊ី​ជម្រៅ​គ្រប់​ជ្រុងជ្រោយ​នោះ​ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​មន្ទីរ​ជំនាញ​ ត្រូវ​មាន​ការ​ធានា​រ៉ាប់រង​នូវតួរនាទី​ និង​ភារកិច្ច​ស្នូល​របស់​អង្គភាព​ គឺជា​ប្រការ​សំខាន់​ ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​ និង​បំពេញ​តួនាទី​ ភារកិច្ច​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​គ្រប់​ពេល​វេលា​ និង​ហ្មត់ចត់​បំផុត​។

លោក អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ ពេល​ធ្វើ​ជា​ថ្នាក់ដឹកនាំ​ ​ជា​មេ​គេ​ហើយ​ គឺពិត​ជាមាន​អម្រែក​ធ្ងន់​ណាស់​ ដូច្នេះ​ត្រូវ​ទាមទារ​ឲ្យ​​មានសិល្បៈ​​នៃ​ការ​ចែករំលែក​ ទេីប​មាន​សាមគ្គីភាព​ផ្ទៃក្នុង​​ ព្រោះ​ថា​ការ​យកចិត្ត​ទុកដាក់​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ គឺជា​គន្លឹះដ៏​សំខាន់​​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​​គោរព​ និង​មាន​ស្មារតី​ចូលរួម​បំពេញ​ការងារ​ប្រកប​ដោយ​ឆន្ទៈ​ខ្ពស់​។

លោកថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​ប្រកាស​តែងតាំងលោកស្រី ស៊ាង វណ្ណលក្ខិណា ​ចូលកាន់​​តំណែងជា​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះក្រោម​វត្តមាន​ លោកស្រី​​ អ៊ឹង​ កន្ថាផាវី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ និង​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​៕SRP