អភិបាលខេត្ត​ ​ប្រាប់មន្ត្រី​ឲ្យខិតខំ​លុបបំ​បាត់ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ

0

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បាន​ប្រាប់អាជ្ញាធរ​ស្រុកស្រីសន្ធរ​ ត្រូវ​​បន្ត​ការ​​ថែ​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​ ឲ្យ​បាន​ល្អប្រសើរ​​ ពោលគឺ​ត្រូវ​ខិតខំ​លប់​​បំ​បាត់​រាល់​សកម្មភាព​​បទល្មើស​ ​​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​​ ដែលមាន​ដូច​ជា​ការ​បញ្ជល់មាន់​ ឬ​ល្បែង​កន្ទុយ​លេខ​ជាដើម​​ ព្រោះ​​វា​មិន​ចំណេញ​ដល់​ប្រជាពលរដ្ឋ​ និងគោលនយោបាយ​ ភូមិ​ឃុំ​ មាន​សុវត្ថិភាព​ឡេីយ។

លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​ណែនាំ​​ដល់មន្ត្រីត្រូវ​បង្រួម​នីតិវិធី​ធ្វើយ៉ាងណា​ ​ឲ្យ​បាន​ស្រួល​ក្នុង​ការ​បម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ ឲ្យ​បានលឿន​​ ប្រកប​ដោយ​ប្រសិទ្ធភាព​ គុណភាព​ និង​ការ​ជឿ​ទុកចិត្ត​។

ការ​លើក​ឡើង​​ដូច្នេះ​ក្នុង​ពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវ​​អគារ​ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ​កោះអណ្ដែត​ ស្រុកស្រីសន្ធរ​ នៅព្រឹក​មិមិញនេះ។

លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​ណែនាំ​​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ឲ្យ​បន្តការ​យកចិត្តទុកដាក់​ ក្នុង​ការ​បង្កើននូវ​ប្រសិទ្ធភាព​ ​និងគុណភាព​ នៃ​ការ​ផ្ដល់​សេវា​រដ្ឋបាល​ថ្នាក់​ឃុំ​​ ជំរុញ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ មាន​ការ​ត្អូញត្អែរ​ ព្រោះតែ​អូស​បន្លាយ​ពេលវេលា​ ដេីម្បី​ចង់បាន​លាភសក្ការៈ​​មិន​សមស្រប​ ​ទៅតាម​ការ​កំណត់​នៃ​ច្បាប់​ ​ពោលគឺ​​ត្រូវ​បង្រួម​នីតិវិធី​ឲ្យ​បានស្រួល ដោយស្រួលទាំង​ការផ្តល់​សេវា​ ហេីយ​ប្រជាពលរដ្ឋ​ក៏ស្រួល​ក្នុង​ការ​​ទទួល​សេវា​ផងដែរ​។

អភិបាលខេត្ត​ ក៏បាន​ប្រកាស​​ផ្តល់​ផ្លូវ​បេតុង​អាមេ​​មួយ​ខ្សែ​ជូន​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​កោះអណ្ដែត​ ​ព្រមទាំង​ជំរុញដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យបន្ត​ធ្វើ​​ការ​កសាង​ផ្លូវបេតុង​បន្ថែមទៀត​ និង​ស្តារ​ច្រាំងទន្លេ​ដែល​រងការ​បាក់ស្រុត​​ ដេីម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​។ ​

​ក្នុងនាម​សមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជន​កម្ពុជា​ និង​ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា​ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោក​ លោកស្រី​ ប្រធាន អនុប្រធាន សមាជិកក្រុមការងារ​ចុះជួយ​ឃុំ​កោះអណ្ដែត​ និងសប្បុរសជន ដែលមានស្មារតីលះបង់​ក្នុង​ការ​បរិច្ចាគថវិកាផ្ទាល់ខ្លួន ដេីម្បី​រួមគ្នាដំណើរការ​កសាង​ស្នាក់ការ​បក្ស​ ដែលសរុប​ជាង៥០ម៉ឺន​ដុល្លារ​ ដេីម្បី​​សាងសង់​សមិទ្ធផលអគារ​នេះ និង​របង​ការពារ​ផងដែរ​៕SRP