សង្កាត់អូរស្មាច់ ចេញបង្កាន់ដៃ ដើរយកលុយពីពលរដ្ឋ ដើម្បីធ្វើផ្លូវ

0

ខេត្តឧត្តរមានជ័យ៖សង្កាត់អូរស្មាច់ ក្រុងសំរោង បានចេញបង្កាន់ដៃ ដើរយកលុយពីប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីកសាងផ្លូវ។

ប្រភពព័ត៌មានពីខេត្តឧត្ដរមានជ័យ​បានឲ្យដឹងថា លោក​ អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់​ ចេញបង្កាន់ដៃទុនចូលរួម អោយ លោក​ ឈឿន វិបិល ក្រុមប្រឹក្សាសង្កាត់ និងលោក​ ម៉ុក សេរីបុត្រ មេភូមិចំការចេក ប្រមូលប្រាក់ពីប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីធ្វើផ្លូវបេតុងនៅភូមិចំការចេក សង្កាត់អូរស្មាច់​។

ប្រជាពលរដ្ឋរស់នៅសង្កាត់អូរស្មាច់​ បានអោយដឹងថា អាជ្ញាធរបានប្រាប់ពួកគាត់​ នៅពេលដើរប្រមូលប្រាក់ថា គម្រោងធ្វើផ្លូវបេតុងរបស់រដ្ឋ​ បានធ្លាក់មកមិនគ្រប់ទេ​ នៅខ្វះ​ ៤០ម៉ែត្រ ទៀត ទើបពលរដ្ឋជឿទុកចិត្ត នាំគ្នាចូលរួមភ្លូកទឹកភ្លូកដី ស្មានថា​ ជារឿងពិត។ ក្រោយពីមានការបែកធ្លាយរឿង បែជានាំគ្នាយកប្រាក់​ ដើរប្រគល់ជូនពលរដ្ឋទៅតាមខ្នងផ្ទះវិញ ទាំងភាពអាម៉ាស់។

លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់​ បានអោយដឹងតាមទូរស័ព្ទនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នេះថា ប្រាក់ប្រមូលពីប្រជាពលរដ្ឋចូលរួម​ យកមកដាក់អំពូលសូឡាបំភ្លឺផ្លូវ ហើយរឿងថា​ ប្រាក់មិនគ្រប់រឿងធ្វើផ្លូវ ដោយខាងខេត្ត ជាអ្នកប្រាប់ ពព្រោះលោកទទួលបានតែក្រដាស់ និងជួយមើលស្តង់ដាផ្លូវនោះទេ។ 

លោកបន្តថា​ រឿងប្រាក់មិនគ្រប់​ រឿងក្រុមហ៊ុនដេញថ្លៃលើស ឥឡូវបានធ្វើការប្រមែប្រមូល បានគ្រប់ចំនួនវិញហើយ​ មិនខ្វះទៀតទេ រីឯប្រាក់ប្រមូលបានពីពលរដ្ឋ​ ក៏យកជូនពលរដុ្ឋវិញអស់ហើយដែរ​ ដើម្បីបញ្ចប់បញ្ហា​ ៕​SRP