ភ្នំពេញ៖សន្និបាតគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជាលើកទី ៤៣ បានរៀបចំឡើងនៅទីស្នាក់ការកណ្ដាលនៃគណបក្សនាវិមាន៧មករា នៅព្រឹកថ្ងៃទី ២៤ខែធ្នូឆ្នាំ ២០២១ នេះ ដោយសម្រេចជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន និងបន្ថែមឥស្សរជនពីររូបទៀតគឺសម្ដេចពិជ័យសេនាទៀបាញ់និង លោកជំទាវ សង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស។
អង្គសន្និបាតដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណៈអចិន្ត្រៃយ៍និងសមាជិកគណៈកម្មាធិការកណ្ដាលក៏បានពិនិត្យលើទិសដៅការងារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ និងមតិណែនាំរបស់សម្ដេចតេជោ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា៖ បេក្ខភាពឈឈ្មោះជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាមានតែមួយរូបប៉ុណ្ណោះសម្រាប់ដាក់ជូនអង្គសន្និបាតបោះឆ្នោតសម្រេច។
សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានថ្លែងសារជាញឹកញាប់បង្ហាញឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន គឺឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាបុត្រាច្បងរបស់សម្ដេច។
បន្ទាប់ពីបង្ហាញឈ្មោះជាសាធារណៈរួចមកក៍មានញត្តិគាំទ្រជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំជាតិមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់វណ្ណៈផងដែរ។
សូមបញ្ជាក់ថា លទ្ធផលនៃសន្និបាតរបស់គណ:កម្មាធិការកណ្តាលលើកទី ៤៣ របស់គណបក្សប្រជាជនកម្ពុជាបានសម្រេចដូចខាងក្រោម :
១.ជ្រើសតាំងសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស ។
២.បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រជាឯកច្ឆ័ន្ទ ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
៣.ពិភាក្សាអំពិកិច្ចការមួយចំនួនស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
៤.អង្គសន្និបាតបានយល់ជ្រួតជ្រាបស៉ីជម្រៅអំពីខ្លឹមសារនៃទស្សន:សភាពការណ៏ឆ្នាំ ២០២១ និងទិសដៅភារកិច្ចសំខាន់ៗរបស់គណបក្សក្នុងឆ្នាំ២០២២៕SRP

