ភ្នំពេញ៖ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីគយទាំងអស់ សម្រាប់កិច្ចប្រឹងប្រែងប្រមូលពន្ធ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន៥ចំណុចដូចខាងក្រោម:
១- បន្តលើកកម្ពស់ការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ បទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានទាំងឡាយដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីទាំងអស់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីពង្រឹងនីតិរដ្ឋ កសាងវប្បធម៌សារពើពន្ធឲ្យកាន់តែប្រសើរឡើង។
២- ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រគៀងគរចំណូល និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ តាមរយៈការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការបង្កើតឆន្ទៈក្នុងការអនុវត្តការងារកែទម្រង់ ការពង្រឹងភាពជាម្ចាស់ ការងារកែទម្រង់ការពង្រឹងភាពជាម្ចាស់ និងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្សជាមួយនឹងការប្រើប្រាស់អោយបានច្រើននូវបច្ចេកវិជ្ជាព័ត៌មាន និងគមនាគមន៍ជាដើម។
៣- ត្រូវនៅបន្ត និងកែលម្អជាប្រចាំនូវការអនុវត្តយន្តការគាំទ្រកិច្ចសម្រួលពាណិជ្ជកម្ម ដូចដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធគ្រប់គ្រងហានិភ័យក្រោយពេលបញ្ចេញទំនិញពីគយ។
៤- ត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព នូវវិធានការនានា ក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដើម្បីស្ដាសេដ្ឋកិច្ចឡើងវិញ។
៥- ត្រូវបន្តពង្រឹងប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់អំពើរត់ពន្ធ ដើម្បីរួមចំណែកបង្កើនចំណូល ការប្រកួតប្រជែងសម្រាប់ការលើកស្ទួយអនុលោមភាពសារពើពន្ធនៅកម្ពុជា ម្យ៉ាងទៀតដើម្បីលុបបំបាត់ទាំងស្រុងនូវអំពើរត់គេចពន្ធ ត្រូវពង្រឹកការរដ្ឋច្បាប់លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរួមសហការជាមួយវិស័យពាក់ព័ន្ធ រួមជាមួយវិស័យឯកជនផងដែរ៕SRP

