លោកគុណ ញឹម បន្តកាន់តំណែង ជាអគ្គនាយកដ្ឋានគយ រហូតដល់ឆ្នាំ២០២៥

0

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃនេះ បានប្រកាសជាសាធារណៈ ពីការសម្រេចពន្យារការចូលនិវត្តន៍របស់ លោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយអោយកាន់ល្អប្រសើរបន្ថែមទៀត។

ការប្រកាសរបស់នាយករដ្ឋមន្ត្រី ធ្វើឡើងនៅព្រឹកមិញនេះក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សម្ដេចហ៊ុន សែន បានថ្លែងរំលឹក ទៅនឹងរឿងគយថា នៅក្នុងអំឡុងឆ្នាំ២០០៤ មានមិត្តភក្តិបរទេសបានផ្តល់មតិឱ្យកម្ពុជាលក់ស្ថាប័នគយនេះ ក៏ប៉ុន្តែសម្តេចមិនព្រម ដោយសម្តេចយល់ឃើញថា បើសិនជាលក់ស្ថាប័នគយនេះ វាស្មើនឹងការលក់អធិបតេយ្យជាតិរបស់កម្ពុជាតែម្តង ដូច្នេះសម្តេចមិនយល់ព្រមទោះទេ។

នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ គឺបានចំណាយថវិកាក្នុងការសាងអស់ទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជាផងដែរ។

នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានប្រសាន៍រំលឹកដល់គុណូបការៈដ៏ធំធេងរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័នគយនេះឡើង។ ព្រះអង្គបានសាងនូវស្នាព្រះហស្ថជាច្រើនសម្រាប់ជាតិ ជាពិសេសក្នុងព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យជូនជាតិកម្ពុជាមាតុភូមិ។ នាយករដ្ឋមន្ត្រីថា វត្តមានថ្មីនៃអគាររដ្ឋបាលគយ និងរដ្ឋាករកម្ពុជានេះ មិនត្រឹមតែជួយលើកកម្ពស់មុខមាត់ស្ថាប័នរបស់រដ្ឋ និងផ្តល់កន្លែងបំពេញការងារបានសមរម្យសម្រាប់មន្ត្រីរាជការប៉ុណ្ណោះទេ តែក៏បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាពរបស់ជាតិកម្ពុជា ដែលយើងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងស្វែងរកសន្តិភាពបានដោយលំបាក។

សម្តេចហ៊ុន សែន បានប្រកាសសារជាថ្មី មិនអនុញ្ញាតឲ្យរថយន្តអត់ពន្ធបើកចរាចរណ៍ លើដងផ្លូវតទៅទៀតទេ។សម្តេចតេជោក៏បានអំពាវនាវជាថ្មី ដល់ម្ចាស់រថយន្តអត់ពន្ធ សូមប្រញាប់មកបង់ពន្ធឲ្យបានទាន់ពេលវេលា មុនថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះពន្ធ១០ភាគរយ៕SRP