ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការដាំកូនឈើឡើងវិញនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ គឺស្រុកចំនួន៤ ដែលរងការកាប់ទន្រ្ទានខុសច្បាប់ គឺមានស្រុកឯកភ្នំ ថ្មគោល សង្កែ និងស្រុកមោងឬស្សី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុកទាំង៤ និងអាជ្ញាស្រុកសាមុី ត្រូវទទួលខុសត្រូវក្នុងការដាំ និងថែទាំបន្ត។
លោកថ្លែងបែបនេះក្នុងឱកាសយុទ្ធនាការដាំកូនឈើឡើងវិញនៅក្នុងដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិគោគដូង ឃុំពាមឯក ស្រុកឯកភ្នំ នៅថ្ងៃអង្គារ ទី២១ ម្សិលមិញ។
សូមជម្រាបថាយុទ្ធនាការដាំកូនឈើឡើងវិញនេះ គឺរដ្ឋបាលខេត្តបានជ្រើសរើសយកទីតាំងនៅចំណុចព្រំប្រទល់បង្គោលកំណត់រវាងតំបន់២ និងតំបន់៣ ត្រង់បង្គោលលេខ ២៨៥ ២៧៦ និង២៨៧ ដោយដាំនូវកូនឈើចំរុះ ដូចជាត្នោត ដើមរាំង ខ្ទុំ ។ល។ ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕SRP

