អាកុលក្លែងក្លាយជិត២ពាន់លីត្រ និងទំនិញខូចគុណភាព ត្រូវបានដុតកម្ទេចចោល

0

ខេត្តត្បូងឃ្មុំ​៖សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តត្បូងឃ្មុំ​ បាន​ធ្វើ​ការ​ដុតបំផ្លាញចោលនូវផលិតផលអាកុលដែលមានសារធាតុមេតាណុល ចំនួន១,៨០០ លីត្រ និងទំនិញភេសជ្ជៈចម្រុះខូចគុណភាពចំនួន ១៥០ កញ្ចប់ (Packages)ស្មើ៦៥ លីត្រ ដែលមន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានត្រួតពិនិត្យ និងធ្វើតេស្តរកឃើញ ហើយធ្វើការប្រមូលដកហូតពីទីផ្សារនានានៅក្នុងខេត្តត្បូងឃ្មុំនៅក្នុងរយៈពេលកន្លងមក។

សកម្មភាពដុតអាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាពទាំងនោះ បានធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១​ នៅទីតាំងចាក់សំរាម ស្ថិតក្នុងភូមិក្រញូង ឃុំវាលម្លូ ស្រុកពញាក្រែក ដែលប្រព្រឹត្តិទៅដោយយោងតាមគោលការណ៍អនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយសាខា ក.ប.ប. ខេត្ត សហការជាមួយមន្ទីរបរិស្ថាន មន្ទីរពាណិជ្ជកម្ម មន្ទីរព័ត៌មានខេត្ត នគរបាលប្រឆាំងបទល្មើសខេត្ត រួមជាមួយរដ្ឋបាលស្រុកពញាក្រែក និងអាជ្ញាធរឃុំវាលម្លូ ផងដែរ​។

បើតាមលោក មាស មោរ៉ា ប្រធានសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថាអាកុលទាំងនេះគឺ៖ អាកុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាធ្វើអោយពុលដល់ស្បែក ផ្លូវដង្ហើម ងងឹតភ្នែក និងស្លាប់បានបើផឹកវា ជាពិសេសមិនអាចកំចាត់មេរោគកូវីដ-១៩។

ប្រធានសាខា ក.ប.ប.ខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ​ សូមប្រុងប្រយ័ត្នមុននឹងទិញ ក៏ដូចជាប្រើប្រាស់អាកុល និងទំនិញលើទីផ្សារ ត្រូវពិនិត្យប្រភពឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះអាល់កុលក្លែងក្លាយ ទំនិញចំនីអាហារខូចគុណភាព ធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូន​។ ជាពិសេសអ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ដែលនឹងត្រូវទទួលទោសចំពោះមុខច្បា​ប់​៕SRP