អភិបាលខេត្តកំពង់ចាម​ ប្រាប់សិស្សថា បេីយេីងខ្លាំង យេីងរឹងមាំហេីយនោះ​ គ្មានបរទេសណាគេអាចដណ្តេីមការងារពីយេីងបានទេ​

0

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​ប្រគល់​ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១​ នៅព្រឹក​មិមិញនេះលោក ​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​បានថ្លែងប្រាប់​ប្អូនៗ​សិស្សានុសិស្សថា​ ​បេី​យើង​ខ្លាំង​យើង​រឹងមាំ​ហេីយនោះ​ គ្មាន​បរទេស​​ណាគេអាច​ដណ្តើម​ការងារ​ពី​យេីង​បាន​ទេ​ ដូច្នេះ​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា​​រៀនសូត្រ​ទាំង​ខ្មែរ​ និង​បរទេស​ផង​ ដេីម្បី​តម្រូវតាម​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ និង​​ទៅ​ថ្ងៃ​អនាគត​ នៅពេល​បញ្ចប់​ការ​សិក្សា​​ហើយនោះ​ ត្រូវ​សម្លឹង​មើល​ទៅ​មុខ​ឲ្យ​បានវែងឆ្ងាយ​ផងដែរ​។

ក្នុង​ពិធី​នោះដែរ​ លោក អ៊ុន ចាន់ដា បានថ្លែងថា ការរៀបចំប្រលងជ្រើសរើសពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ ពិតជាមានអត្ថន័យ យ៉ាងជ្រាលជ្រៅបំផុត ក្រៅពីការលើកកិត្តិយស និងសមត្ថភាពបុគ្គល គឺវាបានចូលរួមចំណែកបន្តរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសនីមួយៗ ដែលនៅជាប់ដងទន្លេមេគង្គ។ ក្រៅពីនោះ វាបានចូលរួមចែករំលែកនូវបទពិសោធន៍ ដល់បញ្ញាវ័ន្ត ក៏ដូចជា អ្នកនិពន្ធ ទាំងឡាយ ដែលស្ថិតនៅជាប់ដងទន្លេមេគង្គ ផងដែរ។

អភិបាលខេត្តបានថ្លែងបន្តថា ការដែលឈានទៅដណ្ដើមបាននូវពានរង្វាន់អក្សរសិល្ប៍ ទន្លេមេគង្គកម្រិតអន្តរជាតិ នាពេលនេះ គឺកិច្ចការលំបាកបំផុត ពីព្រោះថា វាពុំមែនជាការប្រលងកម្រិតផ្ទៃក្នុង នៃប្រទេសយើង ប៉ុណ្ណោះទេ តែវាជាការប្រលងជ្រើសរើសសមត្ថភាព ពិតប្រាកដ ដោយមានការចូលរួមពី បញ្ញាវ័ន្ត កវីនិពន្ធ នៅតាមបណ្ដាប្រទេស ជាប់ដងទន្លេមេគង្គ ចំនួន ៦ រួមមាន ៖ប្រទេសចិន ភូមា ថៃ ឡាវ ប្រទេសកម្ពុជា និងវៀតណាម។ យ៉ាងណាមិញ ខេត្តកំពង់ចាម ក៏ជាខេត្តសាមី ក្នុងចំណោមអ្នកទទួលបានជ័យលាភី ទាំង២រូប របស់ប្រទេសកម្ពុជាទៀតផង។ ទាំងអស់នេះ គឺផ្ដើមចេញពីការខិតខំប្រឹងប្រែង ពីបុគ្គលផ្ទាល់ខ្លួន ជាពិសេស អ្នកដឹកដៃ ឬអ្នកបង្ហាត់បង្ហាញ ធ្វើឲ្យយើងមានមូលដ្ឋានច្បាស់លាស់ ក្នុងការសរសេរបានល្អ ពីព្រោះថា ការដែលពូកែខាងផ្នែកអក្សរសិល្ប៍ វាក៏ជាមូលដ្ឋាន នៃការសរសេរប្រវត្តិសាស្ត្របានយ៉ាងល្អ ផងដែរ។

គួរ​បញ្ជាក់​ថា​ ការប្រកួតប្រជែងពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១ ឆ្នាំ២០២០ គឺបានជ្រើសរើស យកប្រធានបទ «ជីវិត និងនិរន្តរភាពទន្លេមេគង្គ»។ ក្នុងចំណោមបេក្ខជន ប្រគួតប្រជែងជាច្រើនរូប នៃបណ្ដាប្រទេសទាំង៦ កម្ពុជាយើង ក៏មានបេក្ខនារី ចំនួន ២រូប ទទួលបានជ័យលាភីគឺ៖ ១-កញ្ញា​ លឹម​ ផាន់ណា​ និង២-លោកស្រី​ ឡុង​ លាភសុជាតា៕SRP