សាខាកាកបាទក្រហម ខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ

0

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​
នៅព្រឹកមិញនេះបានអញ្ជើញ​ចូលរួមប្រារព្ធទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតយើងទាំងអស់គ្នា​ បន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ» ដែល​បាន​ធ្វើ​ឡើងនៅ​ស្រុក​កំពង់សៀម​។

លោកអ៊ុន ចាន់ដា បានពាំនាំរំឭក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវរឹតបន្តឹងកម្លាំងសាមគ្គីភាព ដោយបន្តធ្វើសកម្មភាពមិនឈប់ឈរឡើយ ក្នុងប្រតិបត្តិការមនុស្សធម៌ ជួយ​ដល់​ជនងាយរងគ្រោះ និងជន​រងគ្រោះ​ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា តាមទិសស្លោក « កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» និងបន្តខិតខំសម្រេចឲ្យបាន បាវចនា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។ ជាមួយនេះ សូមបងប្អូនរួមជាតិ បន្ដពង្រឹងការការពារសុខភាព​ឲ្យ​បានខ្ជាប់ខ្ជួន បន្សាំខ្លួនក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល«៣ការពារ ៣កុំ» ដើម្បីសុខុមាលភាព ពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារជាទីស្រឡាញ់ ក៏ដូចជា សហគមន៍ និងសង្គមជាតិទាំងមូល។

លោកក៏បានប្រគល់ប័ណ្ណសរសើរ ដែលសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អ្នកស្ម័គ្រចិត្ត ចំនួន ៥០នាក់ ផងដែរ៕SRP