ខេត្តកំពង់ចាម៖ក្នុងពិធីបិទមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ VIND សន្តិភាព ឆ្នាំ២០២១ (រដូវកាលទី១) នៅស្រុកស្ទឹងត្រង់ នៅរសៀលថ្ងៃទី១២ ខែធ្នូ ម្សិលមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្រុមកីឡាករនីមួយៗ ពិតជាមានការរីកចម្រើននិងលេងបានល្អ ទោះជាយ៉ាងនេះក្តីត្រូវខិតខំធ្វើការហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៣ខាងមុខនេះ ខណៈកីឡានាំមកនូវសុខភាពល្អផងដែរ។
អភិបាលខេត្តបានថ្លែងថា នេះជាលេីកទី១ហើយដែលខេត្តយើងមានរៀបចំពិធីប្រកួតកីឡា ហើយក៏មានការជួបជុំគ្នាច្រើន បន្ទាប់ពីរងវិបត្តិដោយកូវីដ១៩មួយរយៈពេល អ្វីដែលយើងជួបជុំគ្នាសប្បាយរីករាយទៅបាននេះ គឺដោយសារតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន លោកបានខ្នះខ្នែងក្នុងការបញ្ជាទិញយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចាក់ជូនប្រជាពលរដ្ឋយើងស្រោចស្រពពេញផ្ទៃប្រទេសដោយមិនខ្វះចន្លោះឡេីយ ។
អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសត្រូវរួបរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង្សយូរអង្វែង ដេីម្បីបន្តការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនទៅមុខទៀត ព្រោះថាមានសន្តិភាព ទេីបមានការអភិវឌ្ឍន៍។
ក្នុងពិធីនេះដែរ លោកអភិបាលខេត្ត ក៏បានប្រគល់ពានរង្វាន់ចំណាត់ថ្នាក់លេខ ១ នូវថវិកាចំនួន ២០លានរៀល ជូនក្រុមកីឡាករ អធិរាជ ស កំពង់ទ្រាស ខេត្តត្បូងឃ្មុំ ពានរង្វាន់ចំណាត់ថ្នាក់លេខ ២ ថវិកា ១២លានរៀល ជូនក្រុមកីឡាករ ព្រាប ស ពាមជីលាំង ខេត្តត្បូងឃ្មុំ ពានរង្វាន់ចំណាត់ថ្នាក់លេខ ៣ ថវិកា ៦លានរៀល ជូនក្រុមកីឡាករ យុវជន ស ស យ ក ខេត្តកំពង់ចាម និងចំណាត់ថ្នាក់លេខ ៤ ថវិកា ២លានរៀល ជូនក្រុមកីឡាករ ពពកខៀវ ភូមិសយ ក្នុងនោះចំណាត់ថ្នាក់វ័យចំណាស់ មានពីរថ្នាក់ លេខ១ ថវិកា ១លានរៀល និងលេខ២ ថវិកា ៥០ម៉ឺនរៀល ព្រមទាំងរង្វាន់លើកទឹកចិត្តថវិកាមួយចំនួន សម្លៀកបំពាក់ និងសម្ភារកីឡា ជូនដល់ក្រុមកីឡាករ ទាំង១៦ក្រុម ដែលមកពីខេត្តត្បូងឃ្មុំ ក្រចេះ រតនគិរី និងខេត្តកំពង់ចាមផងដែរ៕SRP

