ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកសុខ ម៉េងអ៊ាង ចាប់ខ្លួននៅថ្ងៃទី ៦ ខែធ្នូ ម្សិលមិញ ពាក់ព័ន្ទករណី អំពើលួច មានស្ថានទម្ងន់ទោស ប្រព្រឹត្តក្នុងក្រុងសៀមរាប ចំនួន៤ករណី។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថា ជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិកំព្រុំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
មន្ត្រីនគរបាលបានបន្តថា នៅក្នុងអំឡុងខែ តុលា និង ខែ វិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី បានធ្វើសកម្មភាពផ្លោះរបង ចូលលួច ទ្រព្យសម្បត្តិ ចំនួន ៤ដងខាងក្រោម៖
ករណីទី១ កាលពីវេលាម៉ោង ០២និង ៣០នាទី យប់ថ្ងៃទី១៨ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុច ហាងលក់ទូរស័ព្ទរបស់ជនរងគ្រោះ ឈ្មោះ រ៉ែម រាប ស្ថិតវត្តបូព៌ ជនសង្ស័យលួចយកកូនសោទូចាក់ បើកយកទូរ ស័ព្ទម៉ាក oppo និង vivo ចំនួន៨គ្រឿង។
ករណីទី២ កាលពីវេលាម៉ោង១និង ៤០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ចាន់ ធឿន ស្ថិតក្នុងភូមិគោកតាចាន់ បានផ្លោះរបងចូលលួចយកប្រាក់ដុល្លា ៧០០០$ និងទូរស័ព្ទ sumsung ១គ្រឿង។
ករណីទី៣ កាលពីវេលាម៉ោង២២ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លើជនរងគ្រោះ ឈ្មោះ ហេង សៀក ត្រង់ចំណុចភូមិសាលាកន្សែង ជនសង្ស័យ ចូលលួចយកទូរស័ព្ទ៤គ្រឿង ( iPhone 6plus ០១គ្រឿង, xs max ០១គ្រឿង, oppo ០១គ្រឿង និង reall me ០១គ្រឿង )។
ករណីទី៤ កាលពីវេលាម៉ោង២និង៥០នាទី យប់ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លើជនរងគ្រោះ ឈ្មោះគុជ សុវណ្ណ ត្រង់ចំណុចភូមិខ្នារ បានយកឈើឆ្កឹះយកកាបូប របស់ជនរងគ្រោះទុកក្នុងបន្ទប់ ក្នុងកាបូបមានប្រាក់ដុល្លារ៥០០ ប្រាក់ខ្មែរ ៥ម៉ឹនរៀល។
មន្ត្រីនគរបាលបានបញ្ជាក់ថាតាមចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពករណីខាងលើនេះ ពិតប្រាកដមែន ប៉ុន្តែ ករណីទី១ ខ្លួនលួចបានទូរស័ព្ទ ០៦គ្រឿង ករណីទី២ លួចបានប្រាក់ដុល្លា ៣០០០$ និងទូរស័ព្ទ ០១គ្រឿង ករណីទី៣ មិនឆ្លើយសារភាពនោះទេ និងករណីទី៤ លួចបានប្រាក់ ៤ម៉ឺនរៀល។ ចំពោះប្រាក់ដែលលួចបាន ខ្លួនបានចាយអស់ ចំណែកទូរស័ព្ទ ខ្លួនបានលក់ឲ្យពួកម៉ូតូ ឌុបមុខផ្សារលើ យកប្រាក់ចាយអស់ហើយ។
សូមបញ្ជាក់ថាចំពោះករណីទាំង០៤ ខាងលើនេះគឺមាន video camera ថតអំពីសកម្មភាព របស់ជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី នៅកន្លែងកើតហេតុ៕SRP

