អភិបាលខេត្តកំពង់ចាម លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​មាន​ការ​ប្រើប្រាស់​បង្គន់​អនាម័យបាន​គ្រប់ៗ​ខ្នងផ្ទះ​

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានស្នេីដល់​លោកអភិបាល​ស្រុក​ទាំងអស់​ ត្រូវ​​ជំរុញ​ដល់​អាជ្ញាធរគ្រប់​ឃុំ​ ឲ្យចូលរួមលេីក​កម្ពស់​ការ​ធ្វើ​អនាម័យ​ជនបទ​ គឺត្រូវ​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​ឲ្យ​បាន​គ្របៗ​ខ្នងផ្ទះ​។  ដោយឡែក​ក្នុង​រដូវ​រងារ​នេះដែរ​ សូមឲ្យ​អាជ្ញាធរស្រុក​ រួម​ជាមួយ​ថ្នាក់ដឹកនាំ​ចុះ​ជួយមូលដ្ឋាន​ ធ្វើ​ការ​ផ្តល់​​អាវ​រងារ​ និង​គ្រឿង​ឧបភោគ​ បរិភោគ​​ ជូន​ដល់ចាស់​ជរា​គ្មាន​ទីពឹង​ផងដែរ​។

លោកថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤)​ នៅមន្ទីរផែនការ​ នៅថ្ងៃទី​៣​ ខែធ្នូ​ ឆ្នាំ​២០២១​ នាព្រឹកមិញនេះ​។

ក្នុងកិច្ចប្រជុំ លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ថ្លែង​ណែនាំ​ថា​ កុំ​យក​បញ្ហា​កូវីដ​ជា​ឧបសគ្គ​រារាំង​ការងារ​អភិវឌ្ឍន៍​ និង​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ហើយ​ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមនានា​​នៅ​មូលដ្ឋាន​ឲ្យបានទាន់ពេលវេលា​ ធ្វើយ៉ាងណា​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែប្រសើរឡើង​។

លោក​ អ៊ុន​ ចាន់ដា​ បានលើកឡើងថា​ ទោះបីជា​ជំងឺកូវីដ-១៩ បានរាំងស្ទះការងារ​មួយចំនួនក៏ដោយ ក៏យើងនៅតែយកចិត្តទុកដាក់អនុវត្តទៅតាមច្បាប់ដែលបានកំណត់​ ហើយ​មកដល់​ពេល​នេះ​​ក្រុម​ការងារ​​កសាង​ផែនការ​បាន​ដើរដល់​ជំហានទី២​ សកម្មភាពទី៧ គឺការពិនិត្យ និងពិគ្រោះយោបល់​លើ​សេចក្តីព្រាង​កម្មវិធី​វិនិយោគ​បីឆ្នាំរំកិល(២០២២-២០២៤) ដែលបាន​​អនុវត្តនេះ​ មានគម្រោងវិនិយោគ​កំពុង​ដំណើរ​ការ​​របស់រដ្ឋបាលខេត្តមានចំនួន ៤៤គម្រោង ដែល​ត្រូវ​ចំណាយថវិកាចំនួន ៣៦ ០២៣ លាន​រៀល (សាមសិបប្រាំមួយពាន់ ម្ភៃបីលានរៀល) និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៩ គម្រោង ដែលត្រូវចំណាយ​ថវិកាចំនួន ​៩១៨ ៦៤៣ លានរៀល (ប្រាំបួនរយដប់ប្រាំបីពាន់ ប្រាំមួយរយសែសិបបីលានរៀល) ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២២។ គម្រោងទាំងនេះពិតជាស្តែងឡើងនូវការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាក​ស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យប្រជាពលរដ្ឋ​រួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ៕SRP