ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូបុករថយន្តធុនធំសណ្ដោងពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅ ក្រុមទី៨ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
សមត្ថកិច្ចខេត្តបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះជនរងគ្រោះ មានឈ្មោះ សេង ដានឹត អាយុ២៣ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បានជិះម៉ូតូម៉ាក(អឹមអេសអិច) ពណ៌ស ពាក់ស្លាកលេខ សៀមរាប(១AB ២៦៦២)ធ្វើដំណើពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្ថិតនៅរង្វង់មូលប៊ុនរ៉ានីហ៊ុនសែន ក៏បុករថយន្តសណ្ដោងម៉ាក SCANIA ពាក់ស្លាកលេខខាងមុខ ព្រះសីហនុ ៣A៨៣៨៣- ខាងក្រោយភ្នំពេញ៤A៦៨២៥ ដែលចតស្ងៀម បណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើការវាស់វែងនាំយកម៉ូតូនិងរថយន្ត ទៅរក្សាទុករងចាំការដោះស្រាយ។ ចំណែកសាកសព ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

