ខេត្តព្រះវិហារ៖ព្រះរាជអាជ្ញាខេត្តបានសម្រេចឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា និងមានស្ថានទម្ងន់ទោស។
ការឃាត់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកា ម្សិលមិញ នៅមុខបេឡាន ខេត្តព្រះវិហារ ស្ថិតនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារដឹកនាំលោកវុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ។
ជនជាប់ចោទមានឈ្មោះ ខេង វុត្ថា ហៅហៀង អាយុ៤២ឆ្នាំរស់នៅ ភូមិឆែប ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ជនរងគ្រោះឈ្មោះ យ៉ិន ចិន្រ្ទី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ បច្ចុប្បន្ននៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្នុងដីការបស់ព្រះរាជអាជ្ញាខេត្តព្រះវិហារបានបញ្ជាក់ថាឈ្មោះ ខេង វុត្ថា ហៅហៀង បានប្រើហិង្សាទៅលើជនរងគ្រោះ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងតាមផ្លូវច្បាប់៕SRP

