សម្ដេចហ៊ុន សែន ស្នើឱ្យមានការហោះហើរត្រង់ រវាងកម្ពុជានិងវៀតណាម ឡើងវិញ

0

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ។

ការស្នើរបស់សម្ដេចតេជោ នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា។

ក្នុងជំនួបលោក ង្វៀន ហ៊ុយតាំង បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានជួយដល់វៀតណាម នាពេលកន្លងមក ក៏ដូចជាថ្មីៗនេះបានជួយវៀតណាម ក្នុងការផ្ដល់បរិក្ខាពេទ្យ ក៏ដូចជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសវៀតណាម។

លោកង្វៀន ហ៊ុយតាំង ក៏បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាមួយគ្នានោះផងដែរ ឯកឧត្តម ក៏សូមសម្ដែងនូវការកោតសរសើរចំពោះនយោបាយចាក់ស្រោចវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់កម្ពុជាដែលទទួលបានជោគជ័យយ៉ាងធំធេង។

ឯកអគ្គរដ្ឋទូតវៀតណាមថ្មី បានសន្យាចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាវិស័យដទៃទៀតផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានកើនឡើងគួរឲ្យកត់សម្គាល់។
ក្នុងន័យនេះ សម្ដេចតេជោ បានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។ លើសពីនេះទៅទៀត សម្ដេចតេជោក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។ល៕SRP