ខេត្ត​កំពង់ចាម នឹងសាងសង់​ «វិមានឯករាជ្យ » ទុកជា​សម្បត្តិ​វប្បធម៌​ ទេសចរណ៍​ប្រវត្តិសាស្ត្រ

0

ខេត្តកំពង់ចាម​៖អាជ្ញាធរបានរៀបចំ​សាងសង់​វិមានឯករាជ្យ ស្ថិតនៅក្នុង ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម។

ថ្លែង​ថាក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​វិមានឯករាជ្យ​ ​​នៅព្រឹក​មិញនេះ ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានលើកឡើងថាការរៀបចំ​សាងសង់​វិមានឯករាជ្យ​នេះ អាជ្ញាធរខេត្ត​មានបំណង​ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍​​ ​ប្រវត្តិសាស្ត្រ និងលេីក​កម្ពស់​សោភ័ណភាពទីក្រុង​ សំដៅ​ទៅលើ ខួបកំណើត​នៃ​កង​យុទ្ធ​ពល​ខេ​មរ​ភូ​មិន ដែលជា​ស្នាម​ព្រហស្ថ របស់ ព្រះ​រម​រតន​កោដ្ឋ ព្រះបាទ ន​រោ​ត្ដម សីហនុ ដែល​ព្រះអង្គ​បាន​ដណ្ដើម​ឯករាជ្យ ពី​អាណានិគម​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ។​

បើតាមលោក​ចាន់ ផល្លី អភិបាលក្រុង​កំពង់ចាម​ បាន​បញ្ជាក់ថា ទីតាំង​ដែលអាជ្ញាធរខេត្ត សម្រេច សាងសង់ ​វិមានឯករាជ្យនេះ គឺ​នៅ​ចំណុច​ផ្លូវ​កៅស៊ូ​មាត់ច្រក​ចូលទៅ​សាលា​គរុកោសល្យ​ខេត្តកំពង់ចាម ដោយ​ចំណុច​នេះ លោក​​អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សាងសង់​ពង្រីក​ផ្លូវជាតិ​ឲ្យបាន​ធំ​ទូលាយ ចាប់ពី​ចំណុច​នាគព័ន្ធ រហូតមកដល់​ចំណុច​ទន្លេ​អុំ ដើម្បី​បង្កើន​សោភ័ណភាព នៃ​ចំណុច​វិមានឯករាជ្យ ឲ្យ​ក្លាយទៅជា​កន្លែង​ទេសចរណ៍ សម្រាប់​ប្រជាពលរដ្ឋ មក​កម្សាន្ត​ផងដែរ។

លោក ចាន់ ផល្លី ថា វិមានឯករាជ្យ​នេះអភិបាលខេត្ត តម្រូវ​ឲ្យ​ជាង​សាងសង់​រួចរាល់ មុន​ថ្ងៃទី​៩ ខែវិច្ឆិកា​ឆ្នាំ ២០២២៕​SRP