ភ្នំពេញ៖លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា កំណាត់ផ្លូវ១ខ្សែនេះ គឺជាចំណងដៃរបស់សម្ដេចតេជោហ៊ុនសែនជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ពិសេស បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់និងខណ្ឌចំនួន៣ ដែលមានដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ។
លោកឃួង ស្រេង បន្តថា សម្តេចតេជោមិនត្រឹមតែរំដោះប្រទេសជាតិពីចំណុចសូន្យនិងធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងប៉ុណ្ណោះទេ តែសម្ដេចនូវបានគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ថែមទៀត។ ជាក់ស្តែងនៅដំណាក់កាលនៃការរីករាលដាលជំងឺកូវី-១៩នេះ សម្ដេចបានខិតខំស្វះស្វែងគ្រប់មធ្យោបាយដើម្បីរកវ៉ាក់សាំងការពារកូវីដ-១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋអោយបានគ្រប់គ្នានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោយផ្ទុះព្រឹត្តិការណ៍ជំងឺកូវីដ-១៩ ការដ្ឋានមួយចំនួនត្រូវបានផ្អាក ប៉ុន្តែក្រោយពីសម្ដេចតេជោហ៊ុនសែន បានសម្រេចបើកប្រទេសជាប្រក្រតីឡើងវិញនោះ ថ្ងៃនេះគឺជាការដ្ឋានទី១ហើយដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការស្ថាបនាផ្លូវមួយខ្សែប្រវែងជាង៦ គីឡូម៉ែត្រ ទទឹង១២ម៉ែត្រនេះឡើងវិញ។
លោកថ្លែបបែបនេះព្រឹកមិញថ្ងៃទីនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានជួសជុលឡើងវិញនៅភូមិស្រែរាជ្ជៈសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។
បើតាមលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កំណាត់ផ្លូវ១ខ្សែ ដែលបានបើកការដ្ឋានជួសជុលនេះមានប្រវង៦.៤៩០ម៉ែត្រនៅក្នុងភូមិសាស្ត្រអន្តរខណ្ឌគឺ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល និង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដោយគិតចាប់ពីមហាវិថី ឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដល់ផ្លូវលេខ៤២ ភូមិន្នំ សង្កាត់ពន្សំាង ខណ្ឌព្រែកព្នៅ ជាផ្លូវដី (កាលពីមុនស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ)។
លោកអភិបាលខណ្ឌថា នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ ដោយបញ្ហាជំនន់ទឹកភ្លៀងបានធ្វើអោយកំណាត់ផ្លូវនេះទទួលរងការខូចខាតធ្ងន់។ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកផែនការជួសជុលផ្លូវនេះក្នុងគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២០ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងភាគច្រើន ត្រូវបានផ្អាក ដោយបង្វែរថវិកាទៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩វិញ។ សម្រាប់ឆ្នាំ២០២១នេះលោក ឃួង ស្រេង ក៏បានសម្រេចជាគោលការណ៍ បើកការរដ្ឋាន ជួសជុលផ្លូវខាងលើនេះ ឡើងវិញជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ផ្លូវទំហំ១២ ម៉ែត្រ និងដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ៕SRP

