ពលរដ្ឋផ្ទុះការតវ៉ា ពេលមន្ត្រីចុះវាស់វែងលើក្បាលដី ដែលមានជម្លោះខុសភូមិឃុំ

0

ខេត្តសៀមរាប៖ប្រជាពលរដ្ឋភូមិតាកុះឃុំព្រះដាក់ និងភូមិ សណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ជាច្រើននាក់ក្នុងចំណោម១០១គ្រួសារ នៅព្រឹកថ្ងៃទី ១១ខែ វិច្ឆិកាឆ្នាំ២០២១នេះ បានផ្ទុះការតវ៉ា ពេលមន្ត្រីចុះវាស់វែងលើក្បាលដីដែលមានជម្លោះតាមការស្នើសុំភាគីម្ខាងខុសទីតាំងដីដែលមានទំនាស់។
ក្នុងការតវ៉ានោះ ក្រុមអ្នកភូមិបានលើកឡើងថា ដីទំនាស់ខាងលើនេះ ផ្តើមចេញក្នុងពេលពលរដ្ឋ១០១គ្រួសារ ស្នើសុំកាត់ឆ្វៀលដីទំហំ៩៥.១២ ហិកតាចេញពីផែនទីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគធ្វើជាដីឯក ជនរបស់រដ្ឋ និងធ្វើប្រទាន កម្មជាកម្មសិទ្ធិជូនពលរដ្ឋ ២៨គ្រូសារដែលតំណាង ដោយឈ្មោះ ទុយ ប៉ុយ.ស៊ុន លិម.ផូ ស៊ីផា។ ប៉ុន្តែក្នុងខណ:ពួកគាត់ស្នើសុំដូចបញ្ជាក់ខាងលើ ក៏មានឈ្មោះសួង សារ៉ាត់.លីផល្លា .សួង ស៊ីនួន.ឈុត កែវមនី តំណាងពលរដ្ឋ១២ នាក់ មកអះអាងថាដីនេះ ពួកគេមានប័ណ្ណកម្មសិទ្ធិចំនួន៣៧ និងមាន១បង្កាន់ដៃ លើផ្ទៃដី១៣០.៣៨ហិកតា ដែលដីនោះស្ថិតក្នុងដីដែលពួកគាត់ស្នើសុំកាត់ឆ្វៀល។

ប្រភពបន្តថា ក្រោយពីមនុស្ស៤នាក់តំណាង១២ នាក់អះអាងថាមានប័ណ្ណកម្មសិទ្ធិលើដីនេះ ពួកគេក៏ស្នើអោយមន្ត្រីចុះវាស់ក្បាលដីស្វែងរកព្រំ ដែលដីនេះស្ថិតក្នុងភូមិប្រិយ៍និងភូមិសណ្តាយ ក្នុងឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី។ តែពេលមន្រ្តីចុះវាស់វែង បែជាវាស់ចូលដីក្នុងភូមិតាកុះ ឃុំព្រះដាក់ទៅវិញ ទើបពួក គាត់ផ្ទុះការតវ៉ាបែបនេះ។

ប្រភពបន្ថែមថា ពួកគាត់រស់នៅអាស្រ័យផលតាំងពីដូនតាមក មិនដែលមានអ្នកស្រុកក្រៅភូមិមកអះអាងថាមានដីនៅទីនេះ ចុះហេតុអីនៅសុខៗក៏មានការចុះវាស់វែងក្បាល់ដីដល់ក្នុងភូមិពួកគាត់បែបនេះ។ អីចឹងទេ ពួកគាត់ចាំបាច់ត្រូវប្រឆាំងការវាស់វែងបែបនេះ។

ចំណែកពលរដ្ឋចំនួន៣នាក់ តំណាងអោយ១០១គ្រួសារ បានអះអាងប្រហាក់ប្រហែលគ្នាថា ដីខាងលើនេះពួក គាត់កាន់កាប់មុនឆ្នាំ១៩៩៦ ហើយបានលក់ទិញទៅពលរដ្ឋផ្សេងទៀតច្រើនលើកច្រើនសាចាប់ពីឆ្នាំ ២០០៤ ចុងក្រោយក្នុងឆ្នាំ២០១៩ បានលក់អោយឈ្មោះទុយ ប៉ុយ.ស៊ុន លិន.និងឈ្មោះផូ ស៊ីផា ដោយ មានការបញ្ជាក់ពីអាជ្ញាធរភូមិ.ឃុំនិងស្រុក រហូតមានការស្នើសុំកាត់ឆ្វៀលបែបនេះ។
ប្រភពបញ្ជាក់ថា តាមអនុក្រឹត្យរាជរដ្ឋាភិបាលលេខ១៦៣ ..ក្រ.. ចុះថ្ងៃទី២៣ខែសីហាឆ្នាំ ២០២១ បានសម្រេចកាត់ឆ្វៀលដីទំហំ៨០.២៧ហិកតា ស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ផ្តល់កម្មសិទ្ធិអោយមកឈ្មោះ ទុយ ប៉ុយ.ស៊ុន លិន និងផូ ស៊ីផា។ ក្នុងថ្ងៃទី២៣ខែសីហាឆ្នាំ២០២១ដដែល ទីស្តីការគណ:រដ្ឋមន្ត្រីចេញសេចក្តីជូនដំណឹងស្តីពីការសម្រេចរបស់រាជរដ្ឋាភិបាល បដិសេធចោលប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីមិនទាន់ចុះបញ្ជីនិងឯកសារបញ្ជាក់ការកាន់កាប់ដីធ្លីផ្សេងៗទៀតទុកជាអាសាបង់លើផ្ទៃដីដែលបានកាត់ឆ្វៀលខាងលើ។(ក្បាលដីលើប័ណ្ណចំនួន៣៧និង១បង្កាន់ដៃ). តែមកទល់ពេលនេះម្ចាស់ប័ណ្ណ៣៧និង១បង្កាន់ដៃនៅតែបន្តសុំអោយវាស់វែង ទើបមានហេតុការផ្ទុះការតវ៉ាយ៉ាងដូច្នេះ។

ជុំវិញករណីនេះ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងតាមទូរស័ព្ទថា ក្នុងដីជម្លោះ ហើយតម្រូវអោយមានការដោះស្រាយ មន្ត្រីចាំបាច់ត្រូវចុះវាស់វែងដើម្បីស្វែងរកព្រំត្រឹមត្រូវ។ តែមិនមែនទៅកំណត់ថាជាដីបុគ្គលណាម្នាក់នោះទេ។ បើពលរដ្ឋរូបណាថាខ្លួនមានដីលើចំណុចវាស់វែង សូមភ្ជាប់ឯកសារមកដាក់ពាក្យប្តឹងនៅសាលាស្រុក។ ចំពោះការតវ៉ារបស់ពលរដ្ឋ គឺដោយសាពួកគាត់មិនយល់ពីផ្លូវច្បាប់។ តែយ៉ាងណា ក្រុមមន្ត្រីត្រូវតែវាស់វែងអោយបានរួចរាល់ទើបអាចដោះស្រាយ៕SRP