ឃាត់ខ្លួនឧកញ៉ា លី សាយឃាង ករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ

0

ខេត្តសៀមរាប៖ឧកញ៉ា លី សាយឃាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ។

ការឃាត់ខ្លួននៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១​ ម្សិលមិញ ស្ថិតនៅក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប ដោយនគរបាលខេត្តសៀមរាប តាមដីការបស់លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងដីកាបានបញ្ជាក់ថាបង្គាប់ឲ្យនាំខ្លួនលោកឧកញ៉ា លី សាយឃាង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ, សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៨ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៨១ មាត្រា ៣៩២ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នេះបើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រភពពីសមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា
ការចេញដីកាបង្គាប់ឲ្យនាំខ្លួនលោកឧកញ៉ា លី សាយឃាង នេះ បានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរ បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ៣១៧៨ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងសំណុំរឿងស៊ើបសួរចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលទាក់ទងនឹងជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានកំណើតនៅឃុំថ្មស ស្រុកគីរី សាគរ ខេត្តកោះកុង ហើយបច្ចុប្បន្នមានទីលំនៅផ្ទះលេខ៥៣, ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕SRP