លោក យឹម ឆៃលី​ ប្រាប់មន្ត្រីបក្សឲ្យធ្វើអំពើល្អ ទៅលើប្រជាជន​​

0

ខេត្តកំពង់ចាម៖លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត កំពង់ចាម បានប្រាប់ដល់មន្ត្រីគណបក្សប្រជាជន​ ​ឲ្យបន្តអនុវត្តគោលការណ៍គ្រឹះរបស់គណបក្ស​ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្សដោយឈរលើទស្សនៈ ពង្រឹងចាស់បង្កើតថ្មី​ និងត្រូវធ្វើអំពើល្អទៅលើប្រជាជន​​។

មានប្រសាសន៍​បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការអនុវត្តសេចក្តីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងបរិវេណសួនក្រញូង នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម​។

លោក​ យឹម​ ឆៃលី​ បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលនឹងត្រូវធ្វើនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាសមរភូមិដែលមន្ត្រីគណបក្សត្រូវបន្តការគ្រប់គ្រងឃុំ-សង្កាត់ នៅក្នុងខេត្តកំពង់ចាម ពីព្រោះការបោះឆ្នោតឃុំសង្កាត់លើកទី៥នេះ គឺជាមូលដ្ឋានគ្រឹះដែលនឹងមានឥទ្ធិពលដល់ការរៀបចំបោះឆ្នោតជាតិ​ ឆ្នាំ២០២៣។

លោក​ យឹម​ ឆៃលី​ បានរំលឹកថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់បានឃើញការពិតយ៉ាងច្បាស់ថារយៈពេលជាង៣០ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសពុះពារជម្នះនូវឧបសគ្គ​ និងការលំបាកផ្សេងៗរាប់ម៉ឺនជំពូកសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនដែលនាំប្រទេសជាតិឲ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ខ្មៅងងឹត​ និងឈឺចាប់បំផុតមកកាន់សម័យដ៏ភ្លឺថ្លាដែលពោរពេញដោយក្តីសង្ឃឹម។ ទន្ទឹមនិងនេះសម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រីគឺជាមហារដ្ឋបុរសមួយរូបដែលមានឆន្ទៈមោះមុត​ និងទឹកចិត្តស្នេហាជាតិពិតប្រាកដក្នុងការដឹកនាំនិងកសាងប្រទេសជាតិយើងដែលនេះគឺជា ប្រវត្តិសាស្ត្រមួយដែលគ្មាននរណាម្នាក់ដែលអាចមើលរំលងបានឡេីយ៕SRP