ជម្លោះនៅកន្លែងផឹកស៊ី «ថិមភល» ប៉ូលិសបាញ់១គ្រាប់ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ កំពុងសង្គ្រោះបន្ទាន់

0

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា ជម្លោះក្នុងវង់ផឹកស៊ីនៅភោជនីយដ្ឋាន ថិម ភល ប៉ូលិសបានបាញ់មួយគ្រាប់បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

របាយការណ៍របស់សមត្ថកិច្ចជំហានដំបូងបានឲ្យដឹងថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៣និង១០នាទី​ ថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភោជនីដ្ឋានថិម ភល ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយសង្គំ ក្រុងសៀមរាប។

របាយការណ៍បានបន្តថា ករណីបាញ់បោះនេះបណ្តាលអោយត្រូវជនរងគ្រោះ ឈ្មោះភាព ប៊ុណ្ណារឹទ្ធ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរជាងភ្លេីង នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវចំក្រោមក្លៀកខាងឆ្វេង១គ្រាប់ បណ្តាលអោយរងរបួសធ្ងន់កំពុងសង្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តសៀមរាប លោកភឹង ចិន្តារ៉េត បានថ្លែងប្រាប់ សៀមរាបប៉ុស្តិ៍ តាមទូរស័ព្ទថា ករណីនេះ ជនសង្ស័យត្រូវបានប៉ូលិសព្រហ្មទណ្ឌខេត្តសៀមរាបចាប់ខ្លួនបានហើយ។

លោកភឹង ចិន្តារ៉េត ថា សមត្ថកិច្ចរបស់លោកកំពុងសាកសួរជនដៃដល់។ តែលោក បានបញ្ជាក់ថា ករណីនេះអំពើហិង្សា វាយទៅវាយមកឈានដល់បាញ់។ វាយប៉ូលិស១ដបមុន ប៉ូលិសក៏បាញ់វិញទៅ។ ហ្ចឹងទុកលទ្ធភាពអោយស៊ើបអង្កេតសិន។ ទោះជាយ៉ាងណាមិនទាន់បង្ហាញអត្តសញ្ញាណជនដៃដល់នៅឡើយទេ។

យោងតាមប្រភពបានឲ្យដឹងថា ភាគីទាំងពីរមានទំនាស់ករណីហិង្សាក្នុងកន្លែងផឹកសុី ដោយមូលហេតុ ភាគីម្ខាងទៀតនោះគ្នាច្រើន ហើយប៉ូលីសគ្នាតិចគេវាយមកប៉ូលិស ដោយគ្នាគេច្រើនក៏បាញ់ការពារខ្លួនតែម្ដង។ តែទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាប្រភពលើកឡើងតែប៉ុណ្ណោះ៕SRP