ខេត្តសៀមរាប៖មន្ត្រីយោធាម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនក្រោយពីបានធ្វើសកម្មភាពផ្ទុះអាវុធបង្កឱ្យភ្ញាក់ផ្អើល។ ការចាប់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២១នេះ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តសៀមរាបបានថ្លែងប្រាប់សៀមរាប ប៉ុស្តិ៍ ថា ករណីផ្ទុះអាវុធ ត្រង់ចំណុចមុខភោជនីយដ្ឋាន ស្នាដៃម៉ែក្មែក៥ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅយប់ថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២១។
មន្ត្រីនគរបាលបានបន្តថា ជនបង្កមានឈ្មោះ កែវ វី ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរ ជាទាហ៊ានកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន រស់នៅភូមិទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មន្ត្រីថា ឈ្មោះ កែវ វី ជាភ្ញៀវចូលមកផឹកសុីក្នុងហាងស្នាដៃម៉ែក្មែក៥ពេលនោះ ឈ្មោះ កែវ វី មានទំនាស់ពាក្យសម្តី ជាមួយនារីជាសង្សារ នៅពេលចេញមកមុខហាង កន្លែងចតម៉ូតូក៏បានដកកាំភ្លើងខ្លីម៉ាក G Lock ១៩ ពីចង្កេះ បាញ់ផ្ទុកដី ០១គ្រាប់ ហើយឡើងជិះរថយន្ត ជាមួយមិត្តភ័ក្រគេចខ្លួន។ ចំណែកនារីជាសង្សារបានជិះម៉ូតូ តាមពីក្រោយចេញទៅបាត់។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះ ទៅដល់រកឃើញវត្ថុតាងសំបកគ្រាប់មួយ។
មន្ត្រីនគរបាលបានដកស្រង់ចម្លើយរបស់ ឈ្មោះ កែវ វី ថា រូបគាត់ជាទាហ៊ាន កងវិស្មកម្ម ក្រសួងការពារជាតិ ដោយចុះបេសកកម្ម មកធ្វើផ្លូវក្នុងខេត្តសៀមរាប បានរយៈពេល ០៣ថ្ងៃហើយ។ នៅវេលាម៉ោង២១យប់ ថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញ រូបគាត់និងសង្សារ ឈ្មោះ ឈ. ច.ឌ ភេទស្រី២៧ឆ្នាំ បានជិះម៉ូតូ ទៅផឹកសុីជាមួយមិត្តភ័ក្រ នៅហាងម៉ែក្មែក៥ លុះចេញវិញ ដើរមកកន្លែងចតម៉ូតូ បំណងទៅដេក ដោយពេលនោះ គាត់បានហៅអោយសង្សារគាត់ឡើងជិះម៉ូតូ ប៉ុន្តែសង្សារគាត់មិនព្រម ពេលនោះគាត់ និងសង្សារ មានទំនាស់ពាក្យសម្តីនិងគ្នា គាត់ក៏បានដកកាំភ្លើងបាញ់ ០១គ្រាប់ ផ្ទុបទៅនឹងដី ហើយក៏ឡើងជិះរថយន្ត ជាមួយមិត្តភ័ក្រ ម៉ាកluxes570 ពណ៌ខ្មៅស្លាកលេខ រដ្ឋ06.2-9998 គេចខ្លួនបាត់។ ករណីនេះសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនជនដៃដល់ អនុវត្តតាមផ្លូវច្បាប់៕SRP

