ឃាត់ខ្លួនបុរសម្នាក់ ករណីលួចរថយន្ត នៅក្រុងបាត់ដំបង

0

ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សហការជាមួយ នគរបាលស្រុកគិរីវង់ឃាត់ខ្លួនករណីលួចរថយន្ត។

ការឃាត់ខ្លួនធ្វើឡើងថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២ឪ១​ នៅចំណុចផ្ទះសំណាក់យីហោភ្នំ​ ឌិន​ តារា​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ផ្សារ​ ឃុំ​ភ្នំឌិន​ ស្រុក​គិរីវង់​ ខេត្ត​តាកែវ។ ចំណែកហេតុការណ៍លួចបានកើតឡើងកាល​ពី​ថ្ងៃទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១០:២០​ នាទី​ នៅចំណុចមន្ទីរពេទ្យសម្រាកព្យាបាលកែ​ ស៊ី​នួន​ ស្ថិតនៅ​ក្នុង​ក្រុមទី​ ២០​ ភូមិ​អូរតាគាំ​២​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង។

ជនសង្ស័យ​ឈ្មោះ​ វ៉ាន​ មឿន​ ហៅឡាក់​ ឡូ​ ភេទប្រុស​ អាយុ​៤២​ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្តាត​ ឃុំ​មេទឹក​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​។

អធិការនគរបាល​ក្រុង​បាត់ដំង លោក​ ពេជ្រ​ សសារ៉ែ បានឲ្យដឹងថា ករណីនេះជនសង្ស័យបាន​ និយាយកុហក​ទៅ​ជនរងគ្រោះ​ ឈ្មោះ​ អុង​ ប៊ុន​ធាង​ ភេទប្រុស​ អាយុ​ ៤៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ ផ្សារ​ព្រំ​ សង្កាត់​ស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ថា​ខ្លួន​ជា​សន្តិសុខ​មន្ទីរពេទ្យ​ ដេីម្បី​​អោយ​ជនរងគ្រោះ​ប្រគល់​កូនសោរ​រថយន្ត​អោយ​ខ្លួន​។ នៅ​ពេល​ដែល​ជនរងគ្រោះ​ប្រគល់​កូនសោរ​រថយន្ត​អោយក៏បាន​បេីក​រថយន្ត​ទៅ​បាត់​រហូត​ដល់​ ទេីប​ឃាត់ខ្លួន​តែម្ដង។

អធិការបន្តថាក្រោយឃាត់ខ្លួនដកហូតវត្ថុតាងរួមមាន៖រថយន្ត​មួយ​គ្រឿង​ម៉ាក​ Lexus RX330 ពណ៌ទឹកមាស​ ស៊េរីឆ្នាំ​ ២០០៤​ ពាក់ស្លាកលេខ​ បាត់ដំបង​ 2B-8568 (​ ជា​រថយន្ត​របស់​ជនរងគ្រោះ​ )​ ទូរស័ព្ទ​ដៃ​ សេរី​ចាស់​ ០១​ គ្រឿង​។ បច្ចុប្បន្ន​កសាងសំណុំរឿបញ្ជូន​ទៅសាលាដំបូង​ខេត្ត​បាតដំបង តាម​នីតិវិធី​៕SRP