នៅទីបំផុត ដើមឈើដ៏ធំ១ដើមទៀត នៅកណ្តាលផ្លូវខាងកើតស្ទឹងសៀមរាប ត្រូវបានកាប់ចេញនារសៀលថ្ងៃនេះ

0

ខេត្តសៀមរាប៖នៅទីបំផុត ដើមឈើដ៏ធំ១ដើមទៀត ដែលនៅកណ្តាលផ្លូវ ខាងកើតស្ទឹងសៀមរាប ត្រូវបានកាប់ចេញនារសៀលថ្ងៃ ២៩ ខែតុលា ឆ្នាំ២០២១នេះ។

ដើមឈើមួយដើមនេះ នៅចំណុចមាត់ស្ទឹងសៀមរាប ខាងកើតក្បែរវត្តព្រះឥន្ទកោសា ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

អាជ្ញាធរបានរាយការណ៍បានឲ្យដឹងថា ដើមឈើទីពីរដែលនៅកណ្តាលផ្លូវខាងកើតស្ទឹងសៀមរាបត្រូវបានកាប់ចេញដើម្បីជាការបញ្ចៀនូវគ្រោះថ្នាក់ដោយជាយថាហេតុ។

អាជ្ញាធរបានបន្តថា នៅថ្ងៃទី ២៨ ខែតុលា ម្សិលមិញ ក៏បានកាប់ដើមឈើមួយដើមផងដែរនៅខាងកើតស្ទឹងសៀមរាប ឆៀងខាងជើងស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។

សូមបញ្ជាក់ថា មុនឈានដល់ការកាប់ដើមឈើចំនួន២ដើមខាងកើតស្ទឹងសៀមរាប ដែលនៅចំកណ្តាលផ្លូវបែបនេះ ក្រោយមានបណ្ដាញសារព័ត៌មាននិងសង្គមហ្វេសប៊ុកបានធ្វើការផ្សព្វផ្សាយ។ ករណីនេះត្រូវបានមតិមួយចំនួនបានគាំទ្រឲ្យមានការកាប់ចេញ និងមួយចំនួនទៀតមិនគាំទ្រឱ្យកាត់ចេញនោះទេ។ តែទោះជាយ៉ាងណានៅទីបំផុតអាជ្ញាធរបានសម្រេចកាត់ចេញតាំងពីរដើម។

ជុំវិញករណីនេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយទេ ជុំវិញការកាប់ដើមឈើចំនួនពីរដើមខាងលើនេះ៕SRP